(សៀមរាប)៖ យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលុចស៊ីស និងរថយន្តម៉ាក pick up ស្ថិតនៅក្នុងភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រង់ចំណុចលើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅវេលាម៉ោង ១៣៖៤០នាទី នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

យោងតាមការបញ្ជាក់របស់លោក គឹម វណ្ណៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច និងរថយន្តសង្គ្រោះ បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានធ្វើការដឹកជញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកសូទ្រនិគម នឹងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកឡុចស៊ីស RX-300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2M-8953 បើកបរដោយឈ្មោះ ទឺ ប៊ុនលី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីលិចទៅកើត ជាមួយនឹងរថយន្ត Ford Ranger ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 2D-1997 បើកបរដោយឈ្មោះ ប៉េង ចំរើ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច បានបណ្តាលឲ្យមនុស្សចំនួន០២នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។

ចំពោះអ្នករងរបួសទាំង ១៤នាក់ រស់នៅភូមិគោកវត្ត  ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ហើយចំពោះអ្នកស្លាប់ទាំងពីរ ត្រូវបានដឹកយកទៅប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅភូមិគោកវត្ត ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ក្រោយពីកម្លាំងជំនាញបានធ្វើការវាស់វែងរួច បានដឹកយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសូទ្រនិគម ដើមី្បរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ក្នុងនោះដែរ កម្លាំងជំនាញក៏បានធ្វើការបាញ់ទឹក លាងនៅកន្លែងកើតហេតុ ក្នុងការធានាសុវត្ថិភាពដល់ការដឹកជញ្ជូនភ្ញៀវទេសចរចេញចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ៕