(កំពង់ធំ)៖ លោក ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញឆ្នាំ២០២៥-២០២៨ ដល់អាជ្ញាធរមូលដ្ឋាន ប្រធាមន្ទីរអង្គភាព កងកម្លាំង និងមគ្គុទ្ទេសទេសចរណ៍ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្ត។

លោក ណេប សាមុត បានថ្លែងថា ដើម្បីឱ្យមានភាពទាក់ទាញនិងភាពប្រកួតប្រជែងទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុកយើងត្រូវប្រែក្លាយប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន រួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុង ដោយប្រើប្រាសសក្តានុពលនិងធនធានវប្បធម៌និងធម្មជាតិ ព្រមទាំងចូលរួមដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍសហគមន៍ តាមរយៈការបង្កើតនិងបង្កើនឱកាសការងារនិងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ ដោយទាមទារឱ្យមានផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផល និងសេវាកម្មដែលមាននៅក្នុងតំបន់ តាមរយៈការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងការបញ្ជាបការយល់ដឹងពីសក្តានុពលទេសចរណ៍ក្នុងតំបន់នេះឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកទស្សនាឱ្យបានកាន់តែច្រើនជាងមុន និងមកច្រើនដង។

លោក នួន ផារ័ត្ន ថ្លែងថា ខេត្តកំពង់ធំស្ថិតនៅកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែបជាពិសេសតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា ស្ថិតនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការរៀបចំយន្តការរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំនិងបងប្អូនប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ បានធ្វើការសិក្សានាពេលនេះ ប្រកបដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបានគោលដៅរួម ស្របតាមអភិក្រម«ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ» របស់សម្ដេចមហាបវរធិបតី។

លោក នួន ផារ័ត្ន បន្ថែមថា ការអភិវឌ្ឍប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់ខេត្តជុំវិញ ផ្សារភ្ជាប់ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។

គួរបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុកមានប្រាសាទចំនួន ៣២៧ ប្រាសាទបែងចែកជា ០៣ផ្នែកមាន៖ ក្រុមប្រាសាទសំខាន់ៗមាន ប្រាសាទសំបូរ, ប្រាសាទតោ, និងប្រាសាទយាយព័ន្ធ ក្នុងនោះមានក្រុមរណប ប្រាសាទផ្សេងៗនៅខាងត្បូង និងរបងរមាស និងរាជធានីចាស់ថែមទៀតផង៕