(ខេត្តពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់ ដែលធ្លាប់ជាតំបន់អតីតសមរភូមិ និងរងភាពហែកហួរដោយស ង្គ្រាមស៊ីវិល ពេលនេះបានប្រែមុខមាត់របស់ខ្លួនវិញហើយ ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សូមទស្សនាអត្ថបទ ស្រាវជ្រាវមួយរបស់ Fresh Exclusive…
ខេត្តពោធិ៍សាត់ ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ បានប្រែក្លាយជាម៉ាស៊ីនដ៏រស់រវើកនៃកំណើនសេដ្ឋកិច្ច និងភាពច្នៃប្រឌិតថ្មី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្ត Ford ដ៏ទំនើប និងខ្សែសង្វាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅស្រុកក្រគរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ កំពុងបង្ហាញពីភាពផ្លាស់ប្តូរខេត្តចេញពីស្រមោលជម្លោះនៃអតីតកាល ដោយការធ្វើដំណើរទៅកាន់ការអភិវឌ្ឍន៍នាពេលអនាគត៖ «ខ្ញុំសង្ឃឹមថាអ្នកស្រុកក្រគររបស់យើង នឹងកាន់តែរីកចម្រើនបន្តទៅទៀត ជាពិសេសខេត្តពោធិ៍ ដោយសារតែរដ្ឋបានធ្វើច្រើនណាស់ដើម្បីឱ្យខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្ត ទាំងអស់មានសក្តានុពល…ទីមួយមុនគេ គឺសុខសន្តិភាពនោះហើយ…ខេត្តពោធិ៍សាត់ធ្លាប់ ជាកន្លែងវាយគ្នា ដូចជាតំបន់ថ្មដា និងតំបន់ចិនយំជាដើម»។
*ខេត្តពោធិ៍សាត់ និងជីវិតសាជាថ្មីក្រោយសង្គ្រាមបានបញ្ចប់
ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ស្ថិតនៅចន្លោះជួរភ្នំក្រវាញ និងបឹងទន្លេសាប ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលធ្លាប់បានរងភាពឯកោ, ជាអតីតតំបន់អសន្តិសុខ, អតីតតំបន់គ្មានការអភិវឌ្ឍដ៏យូរលង់ ជាពិសេស ក្នុងអំឡុងពេលដែលប្រទេសកើតមានជម្លោះសង្គ្រាមរយៈពេលជិត៣០ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះមក។ ក្នុងរយៈកាលច្រើនទសវត្សរ៍ដែលកំពុងមានសង្គ្រាមនោះ តំបន់ព្រៃ និងទីដាច់ស្រយាលមួយចំនួនក្នុងទឹកដីនៃខេត្តពោធិ៍សាត់ គឺជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម, ធ្លាប់ជាតំបន់ព្រៃក្រាស់ បង្កប់ដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ផ្លូវធ្វើដំណើរតែងប្រឈមដោយឧបសគ្គ នៃការបាញ់ស្ទាក់ដោយក្រុមទ័ពព្រៃខ្មែរក្រហម ជាពិសេសផ្លូវដែលស្ថិតក្បែរដងព្រៃក្រាស់ៗ ដែលបានបម្រើជាកន្លែងលាក់ខ្លួនរបស់ក្រុមទ័ពព្រៃខ្មែរក្រហម។
ក្នុងអតីតកាលនោះ ផ្លូវក៏មានតិចតួច និងការអភិវឌ្ឍស្ទើរតែគ្មានសោះឡើយក្នុងអតីតកាលនោះ។ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ទិដ្ឋភាពក្នុងខេត្តពោធិ៍សាត់ទាំងមូល បានផ្លាស់ប្តូរទាំងស្រុង ជាពិសេសរយៈពេល២៦ឆ្នាំកន្លងមកនេះ។ ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតីក្នុងពិធីសម្ពោធថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដែលបានមានប្រសាសន៍ជម្រុញការថែរក្សាសន្តិភាពឱ្យកាន់តែរឹងមាំ និងសំអាតឱ្យជម្លោះដីធ្លីកុំឱ្យកើតមានឡើយ ដើម្បីខេត្តពោធិ៍សាត់បោះជំហានកាន់តែអភិវឌ្ឍន៍៖
«ខេត្តពោធិ៍សាត់ គឺជាខេត្តមានលក្ខណៈអំណោយផលមួយចំនួន ជាពិសេសនៅតំបន់មួយ ចំនួនដូចនៅតំបន់វាលវែង និងនៅប្រមោយ ដែលជាតំបន់ Ecotourism ល្អ។ សូមមើល៍និងរក្សាសន្តិសុខឱ្យបានល្អ។ កាលមុនមានបញ្ហារឿងទន្ទ្រានដីធ្លី ប៉ុន្តែសូមគ្រប់គ្រងឱ្យបានល្អ ដើម្បីកុំឱ្យមានទំនាស់។ ចុះបញ្ជីក្បាលដីហើយ យើងធ្វើយ៉ាងណាដើម្បីដោះស្រាយឱ្យចប់ ពីព្រោះបើកម្មសិទ្ធិដីធ្លីឥតច្បាស់លាស់ គឺគ្មានអ្នកណាគេទៅវិនិយោគទេ។ បើដាក់ទុនហើយ ស្រាប់តែត្រូវការមកឈឺក្បាលនឹងរឿងហ្នឹង។ អត់ទេ ត្រូវគ្រប់គ្រងឱ្យជាប់។ រឿងឧក្រិដ្ឋកម្មផ្សេងៗត្រូវគ្រប់គ្រងឱ្យជាប់។ ឯកឧត្តមស្នងការនៅទីនេះ, ប្រធានអាវុធហត្ថនៅទីនេះ, យោធាខេត្តនៅទីនេះ។ សូមយកចិត្តទុកដាក់ទៅលើការងារនេះ។ យើងធ្វើយ៉ាងណាដើម្បីធានាខេត្តរបស់យើង គឺជាខេត្តមួយដែលល្អ គឺជាខេត្តមួយដែលធ្លាប់ជាអតីតសង្គ្រាម ទៅជាខេត្តដែលមានសក្តានុពល ទាំងឧស្សាហកម្ម ទាំងកម្មន្តសាល ទាំងទេសចរណ៍ គ្រប់សក្តានុពលដើម្បីយើងអភិវឌ្ឍន៍ប្រទេសរបស់យើង, ជាពិសេសអភិវឌ្ឍន៍ខេត្តរបស់យើង»។
*ពោធិ៍សាត់នៃមជ្ឈមណ្ឌលថាមពលកកើតឡើងវិញ និងឧស្សាហកម្ម
ក្រៅពីវិស័យយានយន្តពោធិ៍សាត់ ក៏បានក្លាយជាមជ្ឈមណ្ឌលថាមពល និងនិរន្តរភាព។ ខេត្តនេះ ក៏មានគម្រោងវារីអគ្គិសនីសំខាន់ៗមួយចំនួន រួមទាំងទំនប់ស្ទឹងអាតៃ និងទំនប់ពោធិសាត់១ ដែលរួមចំណែកយ៉ាងសំខាន់ដល់បណ្តាញជាតិរបស់កម្ពុជា។ ខេត្តពោធិ៍សាត់ ក៏ជាទីកន្លែងនៃកសិដ្ឋានថាមពលព្រះអាទិត្យ ដែលផ្តល់នូវថាមពលស្អាត និងគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន្ធកាបូន។
លើសពីនេះខេត្តពោធិ៍សាត់ ក៏ជាទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) ដែលទាក់ទាញដល់ក្រុមហ៊ុននានា ក្នុងវិស័យផលិតកម្មកសិកម្ម និងបច្ចេកវិទ្យាស្អាត។ ក្រុមហ៊ុនជប៉ុន MinebeaMitsumi បានបង្កើតប្រតិបត្តិការនៅទីនោះ ដោយផ្តោតលើសមាសធាតុច្បាស់លាស់ និងការរួមបញ្ចូលថាមពលកកើតឡើងវិញ។
*កសិកម្ម និងការតភ្ជាប់
ទោះបីជាខេត្ត បាននិងកំពុងផ្លាស់ប្តូរមានរូបភាពឧស្សាហកម្មនិងបច្ចេកវិទ្យាក៏ពិតមែន ប៉ុន្តែបេះដូងកសិករក្នុងខេត្តនេះ មិនបោះបង់ចោលមុខរបរកសិកម្មរបស់ខ្លួនឡើយ។ ជាមួយនឹងវាលទំនាបដ៏ធំ ដែលផ្គត់ផ្គង់ដោយប្រព័ន្ធធារាសាស្ត្រ សាងសង់ឡើងក្រោមកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយរាជរដ្ឋាភិបាល ខេត្តពោធិ៍សាត់ គឺជាខេត្តនៃជង្រុកស្រូវ និងជាខេត្តនៃដំណាំបន្លែដ៏សំខាន់។
គម្រោងថ្មីដូចជា Pro-Market Initiative គំរោងផ្តួចផ្តើមគាំទ្រទីផ្សារ បានជួយកសិករក្នុងស្រុកដើម្បីឱ្យទទួលបានទីផ្សារក្នុងតំបន់ លទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ និងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករថែមទៀត។ ទន្ទឹមនឹងនេះផ្លូវ និងស្ពានថ្មីៗ ដូចជាស្ពានលេខ២៨ បានធ្វើឱ្យកាន់តែប្រសើរឡើងនូវការដឹកជញ្ជូន និងការរួមបញ្ចូលក្នុងតំបន់។ អ្វីដែលធ្លាប់ជាតំបន់ដាច់ទំនាក់ទំនង ប៉ុន្តែពេលនេះគឺជាសរសៃឈាមដ៏សំខាន់ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាតិរបស់កម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យសង់ផ្លូវដែកតភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ច ក្នុងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកក្រគរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
*ជលផល៖ ខ្សែជីវិតពីបឹងទន្លេសាប
ក្រៅពីឧស្សាហកម្ម និងកសិកម្ម ជលផលក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចខេត្តពោធិ៍សាត់ផងដែរ ជាពិសេសនៅតាមស្រុកដូចជាក្រគរ និងកណ្តៀង ដែលស្ថិតនៅតាមផ្នែកខាងជើងនៃខេត្តជាប់នឹងបឹងទន្លេសាប។ បឹងដ៏អស្ចារ្យរបស់ប្រទេសកម្ពុជានេះ មិនត្រឹមតែជាកន្លែងបម្រុងជីវមណ្ឌល របស់អង្គការយូណេស្កូប៉ុណ្ណោះទេ ថែមទាំងជាកន្លែងនេសាទទឹកសាបដែលមានត្រីច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ។ ជារៀងរាល់ឆ្នាំ ត្រីទឹកសាបរាប់ពាន់តោនត្រូវបានប្រមូលផលពីបឹងទន្លេសាបក្នុងខេត្តពោធិសាត់ ដែលជួយដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារតាមរយៈការនេសាទ ការកែច្នៃត្រី និងពាណិជ្ជកម្ម។
រដ្ឋាភិបាល សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងដៃគូអន្តរជាតិ បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធានាការអនុវត្តនេសាទប្រកបដោយនិរន្តរភាព ការពារកន្លែងពងកូនត្រី និងណែនាំគម្រោងវារីវប្បកម្ម ដើម្បីកាត់បន្ថយការនេសាទលើសកម្រិត។ កម្មវិធីទាំងនេះមិនត្រឹមតែការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។ យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាបានប្រមូលផលនេសាទក្នុងទន្លេរបស់កម្ពុជា បានចំនួន ៤៦៧,៣៤៤តោន។
*ទេសចរណ៍ និងការអភិរក្សបរិស្ថាន
ទេសចរណ៍ធម្មជាតិ ក៏បានរីកស្រស់បំព្រងឡើងវិញផងដែរក្នុងសម័យដែលមានសន្តិភាព ពេញលេញបច្ចុប្បន្ននេះ។ ខេត្តពោធិ៍សាត់ ក៏ជាទីជម្រកចំពោះផ្នែកខ្លះ នៃជួរភ្នំក្រវាញខាងត្បូង ដែលមាននូវព្រៃឈើដ៏ខៀវស្រងាត់ទឹកជ្រោះ និងជីវចម្រុះប្លែកៗ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលបាននិងកំពុងកសាងរួមគ្នាមកនេះ, ខេត្តពោធិ៍សាត់ គឺជាខេត្តដែលកំពុងស្វាគមន៍ នូវរលកថ្មីនៃភ្ញៀវទេសចរដែលស្រឡាញ់នូវបរិស្ថានធម្មជាតិ និងការស្វែងយល់ចង់ដឹងអំពីកត្តាបរិស្ថាន និងជីវចម្រុះប្លែកៗនៅក្នុងតំបន់ទាំងឡាយនោះ។
ខេត្តពោធិសាត់នាពេលនេះ លែងក្លាយជាខេត្ត ដែលឯកោដូចក្នុងសម័យសង្ក្រាមទៀតហើយ។ ស្នូរគ្រាប់កាំភ្លើងដែលគេធ្លាប់តែឮក្នុងសម័យអតីតកាល ពេលនេះបានប្រែក្លាយជា ស្នូរនៃសម្លេងម៉ាស៊ីនរោងចក្រ, វាលស្រែដែលធ្លាប់តែជាទីលេណដ្ឋានវាយប្រយុទ្ធគ្នា បានប្រែក្លាយជារោងចក្រវាល ដែលធ្លាប់តែស្មៅដុះ ក្លាយជាវាលដាំដំណាំនិងទឹកមុខធ្លាប់តែភ័យខ្លាចរបស់ពលរដ្ឋ ពេលនេះបានប្រែក្លាយជាទឹកមុខរីករាយស្រស់ប្រឹមប្រីយ៍ជាមួយនឹង ក្តីរំពឹងកាន់តែមុតមាំលើសុភមង្គលកាន់តែរុងរឿងរបស់ខ្លួន ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា៕