(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងចំនួន ៨នាក់ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤ និង៥០នាទី មានក្រុមក្មេងទំនើងចំនួន ០២ក្រុម បានធ្វើសកម្មភាពប្រតាយប្រតប់គ្នាដោយប្រើប្រាស់ដំបង និងដុំថ្មគប់គ្នាទៅវិញទៅមកបណ្តាលឱ្យរបួសទាំងសងខាង នៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយមកកម្លាំងសមត្ថកិច្ច នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ១. ឈ្មោះ ណន បញ្ញារិត ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ ឃុន វឿនប៉ាល់សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ៣. ឈ្មោះ ឡៃ លក្ខិណា ភេទស្រី អាយុ១៦ឆ្នាំ ៤. ឈ្មោះ សាវឿន សម្បត្តិ ហៅ ឌី វ៉ាន់ថាក់ ភេទប្រុស អាយុ១៦ឆ្នាំ ៥. ឈ្មោះ ហួន ពិសី ភេទស្រី អាយុ១៨ឆ្នាំ ៦. ឈ្មោះ ចាន់ ស្រីទ្យព្យ ហៅ ចាន់ ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ៧. ឈ្មោះ ឡេង រតនា ភេទប្រុស អាយុ ១៧ឆ្នាំ និង៨. ឈ្មោះ ហុក វិទូ ភេទប្រុស អាយុ១៥ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៨នាក់ខាងលើ និងបក្ខពួកពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ៕