(កណ្ដាល)៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងមហាវិទ្យាល័យដឹកជញ្ជូនជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀងលើកម្មវិធីសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ កម្មវិធី១+២+១។ ពិធីនេះធ្វើឡើងកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។
សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានថេរដីកាស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះគណៈប្រតិភូចិន ដែលបានចុះមកដល់សាកលវិទ្យាល័យដោយផ្ទាល់ ដោយបានផ្លាស់ប្ដូរបទពិសោធន៍ និងពិភាក្សាម៉ត់ចត់ទៅមុខវិជ្ជាសិក្សាទៅលើមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ កម្មវិធី១+២+១ នៅឯប្រទេសចិនចិន។
លើសនេះសម្ដេចក៏មានថេរដីកាអរគុណជាអនេកកប្បការចំពោះភាគីចិន ដែលមានគម្រោងផ្ដល់ជំនួយ និងគ្រូជំនាញលើមុខជំនាញមហាវិទ្យាល័យដឹកជញ្ជូន ដែលមុខជំនាញនេះ សិក្សាជំនាញទៅលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ (ផ្លូវទឹក), គ្រប់គ្រងកំពង់ផែ, ផ្លូវអាកាស, ផ្លូវគោក ដែលជំនាញទាំងនេះ មិនមាននៅកម្ពុជាឡើយ។ ដូច្នេះ ភាគីចិន បាននឹងកំពុងធ្វើការលើរឿងនេះហើយឈានដល់កិច្ចព្រមព្រៀងនាពេលខាងមុខនេះទៀតផង។
លោក Dr. Liu Fangwu សមាជិកមជ្ឈិមបក្ស និងជាអនុប្រធានមហាវិទ្យាល័យដឹកជញ្ជូនទំនិញជាំងស៊ូ បានសំដែងការត្រេកអរ និងពេញចិត្តចំពោះការសហការជាមួយសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ខណៈដែលសមណនិស្សិត -និស្សិតនៅទីនេះ បាននឹងកំពុងខិតខំប្រឹងប្រែងរៀនសូត្រណាស់ ដែលអនាគតពួកគេ គឺជាសរសរទ្រូងប្រទេសជាតិ និងជាអ្នកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខជាលំដាប់។
លោក Dr. Liu Fangwu បានបន្តថា ការសិក្សាទៅលើមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ កម្មវិធី ១+២+១ គឺទទួលសមណនិស្សិត-និស្សិត ទៅសិក្សាចាប់ពីឆ្នាំទី៣ឡើងទៅនៅឯប្រទេសចិនផ្ទាល់ ហើយសញ្ញាបត្រនឹងចេញជូនសមណនិស្សិត-និស្សិត ដែលបានប្រឡងជាប់ជាស្ថាពរ ខណៈដែលចំណេះជំនាញនេះណាស់ ពិតណាស់មានវិសាលភាពធំធេងណាស់ ព្រោះសាកលលោកនាពេលបច្ចុប្បន្ន និងអនាគត ពិតជាត្រូវការខាងបច្ចេកវិទ្យាដើម្បីកសាងប្រទេស និងរុញច្រានឱ្យលូតលាស់ទៅមុខយ៉ាងឆាប់រហ័សបំផុត។
សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។ ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។
បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៏មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យបរទេសណានោះឱ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។
សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប៣២ជំនាញ និងកំពុងសិក្សាបើកថ្នាក់ជំនាញមួយទៀត គឺជំនាញផ្នែកដឹកជញ្ជូន៕