(ភ្នំពេញ)៖ ដើម្បីជាវិភាគទានក្នុងការជួយសម្រួច, ជំរុញ និងតម្រង់ទិសដៅការងារជាអាទិភាពតទៅមុខ សំដៅជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៦ចំណុច។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញការណែនាំដូចនេះ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលោកបានអញ្ជើញ ជាអធិបតីតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក ​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ដែលពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt regency Phnom penh ។

អនុសាសន៍ទាំង ៦ចំណុចរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានដូចជា៖

ទី១៖ ក្រសួង-ស្ថាប័ន ត្រូវសហការជិតស្និទ្ធជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏ដូចជាគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការធ្វើអាទិភាវូបនីយកម្មសេវាសាធារណៈ ដើម្បីបញ្ចូលជាសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងត្រូវពិនិត្យឡើងវិញនូវសេវាពាក់ព័ន្ធទាំងឡាយ ក្នុងគោលដៅកែសម្រួលនីតិវិធីស្នើសុំសេវា, កែសម្រួលកម្រៃសេវា, និងពិនិត្យលទ្ធភាពលុបចេញ ឬ ផ្គួបចូលគ្នានូវសេវាទាំងឡាយណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬមិនមានតម្លៃបន្ថែមខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់ និង ការទទួលសេវា ។

ទី២៖ ក្រសួង-ស្ថាប័ន ត្រូវសហការស្អិតល្មួតជាមួយលេខាធិការដ្ឋាននៃក្រុមការងារ អន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងគណៈកម្មាធិការរដ្ឋបាលភិបាលឌីជីថល ក្នុងការរៀបចំ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​សម្រាប់ផ្តល់សេវាអេឡិចត្រូនិក តាមគោលការណ៍ណែនាំបច្ចេកទេស ដូចមានចែងក្នុងឧបសម្ព័ន្ធនៃយុទ្ធសាស្ត្រនេះក្រោមទម្រង់ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ ធុរកិច្ច» តែមួយ ។

ទី៣៖ ក្រសួង-ស្ថាប័ន ដែលគ្រប់គ្រងទិន្នន័យគោលត្រូវរៀបចំ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគោល ព្រមទាំងចែករំលែកទិន្នន័យគោលទាំងនោះ ក្នុង «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» តាមរយៈថ្នាល CamDX ដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ, កាត់បន្ថយការភ្ជាប់ឯកសារតម្រូវដែល មិនសូវចាំបាច់ និង បង្កើនគុណភាពនៃទិន្នន័យ តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យ ។

ទី៤៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ដែលកំពុងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល មានជាអាទិ៍៖ ថ្នាល CamDigiKey, CamDX, Bakong, និង Verify.gov.kh, ត្រូវបន្តពង្រឹង និងធ្វើទំនើបកម្មថ្នាលឌីជីថលទាំងនេះជាប្រចាំ ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអន្តរប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅធានាសុវត្ថិភាព និងប្រសិទ្ធភាព នៃ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច», ហើយក្រសួង-ស្ថាប័ន ត្រូវចូលរួមប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ទាំងនេះ ជាមូលដ្ឋានក្នុងការរៀបចំសេវាអេឡិចត្រូនិករបស់ខ្លួន ។

ទី៥៖ ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, ត្រូវរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីប្រតិបត្តិ ដែលទទួលបន្ទុកផ្ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពង្រឹងសមត្ថភាព និងការសម្របខ្លួនរបស់មន្រ្តីទទួលបន្ទុកទៅនឹងនីតិវិធីការងារថ្មី, លើកកម្ពស់គុណភាពសេវា និងបង្កើនភាពជឿទុកចិត្ត ពីសំណាក់វិស័យឯកជន។

ទី៦៖ ក្រសួង-ស្ថាប័ន ត្រូវចូលរួមរៀបចំ និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មាន អំពីសេវាអេឡិចត្រូនិករបស់ខ្លួនឲ្យបានទូលំទូលាយ ជូនដល់ធុរជន។ ទន្ទឹមនេះ, ក្រុមការងារអន្តរក្រសួង រៀបចំ​សេវាអេឡិចត្រូនិក​សម្រាប់ធុរកិច្ច ត្រូវពង្រឹង និងពង្រីកមុខងាររបស់ថ្នាល business.gov.kh ដើម្បីសម្រួលដល់ធុរជន ក្នុងការស្វែងរកព័ត៌មាន ពាក់ព័ន្ធនឹងសេវាសម្រាប់ធុរកិច្ច និង ផ្តល់ប្រឹក្សាដល់ធុរជន ដើម្បីងាយទទួលបានអនុលោមភាព លើសកម្មភាពអាជីវកម្មរបស់ខ្លួន ។

បន្ថែមពីនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងរៀបចំ​សេវាអេឡិចត្រូនិក​សម្រាប់ធុរកិច្ច ដែលបានខិតខំរៀបចំយុទ្ធសាស្រ្តនេះ រហូតសម្រេចជាស្ថាពរ និងត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។ លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងឡាយ នឹងចូលរួមអនុវត្តយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ ឲ្យទទួលបានជោគជ័យពេញលេញ តាមការរំពឹងទុកក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីគាំទ្រដល់ការរីកលូតលាស់របស់វិស័យឯកជន ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ៕