(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធាន ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែកបទពិសោធន៍ លើប្រធានបទ «កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា» ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសរុបចំនួន២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាស ចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យា- ល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា តាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរ ជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។

ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់ មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិ មកពីគ្រប់ ស្ថាប័នជាវាគ្មិនកិត្តិយស ចែករំលែកបទ ពិសោធន៍ ជូនដល់និស្សិត ឱ្យមានឱកាសបានសិក្សា រៀនសូត្របន្ថែម បង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូនលោក សួស យ៉ារ៉ា ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម អញ្ជើញមកចែករំលែកបទ ពិសោធន៍ការងារ ការដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់រដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។

លោកបណ្ឌិត បានគោរពថ្លែងអំណរគុណចំពោះលោក លោកស្រី ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក ផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គ សិក្ខាសាលាទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ ដោយយកចិត្តទុកដាក់ និងកត់ត្រា នូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុក ប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាព តទៅអនាគត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោក សួស យ៉ារ៉ា បានអញ្ជើញចែករំលែកបទពិសោធន៍ដឹកនាំ ដ៏មានតម្លៃជូន ដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតដោយផ្តោតសំខាន់តួនាទី ភារកិច្ចរបស់រដ្ឋសភា រួមមាន មុខងារនីតិកម្មឬតាក់ តែងច្បាប់ តាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់ និងភាពជាតំណាង ជាពិសេសរដ្ឋសភា ក៏មានតួនាទីអាចធ្វើសេចក្តីស្នើច្បាប់ បានផងដែរ ហើយច្បាប់នីមួយៗ ត្រូវទទួលការឡាយព្រះហស្តលេខាដោយ ព្រះមហាក្សត្រ ទើបចូលជាធរមាន និងអាចប្រកាស ប្រើជាផ្លូវការបាន។

ចំពោះការទូតសន្តិភាពសភា កម្ពុជាមានបទពិសោធន៍ ក្នុងការកសាងសន្តិភាព ជាក់ស្តែងរបស់ខ្លួន និងផ្លាស់ ប្តូរបទពិសោធន៍ជាមួយនឹងបណ្តាសភានៅលើសកលលោក ដោយផ្អែកលើគោលការណ៍ទាំង៥ គឺ ១-សាមគ្គីភាពគ្នាក្នុងភាព ចម្រុះ, ២-ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាពនិងវិបុលភាព (M4P2), ៣-ភាពអត់ឱន យុត្តិធម៌ និងសមភាព, ៤-ការរួមរស់ជាមួយគ្នាដោយ សន្តិភាព និងការទប់ស្កាត់ជម្លោះ, និង ៥-វប្បធម៌នៃសន្តិភាព។

លោកបានលើកឡើង អំពីជោគជ័យ ដែលរដ្ឋសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះសភាអន្តរជាតិសំខាន់ៗ ជាអាទិ៍ ១-កិច្ច ប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11-2021), ២-មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA43-2022), និង ៣-សម័យប្រជុំពេញអង្គ សភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP11)-ដើម្បីឈានទៅសម្រេចនូវ «ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ដែលកើតចេញពីស្នាដៃនិងគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។

លោកបានបន្តថា ដើម្បីធ្វើការទូតសភា ឱ្យបានសង្គតភាព គឺត្រូវឈរលើគោលការណ៍ឯកភាព មិនដើម្បីប្រណាំង ប្រជែងឬប្រឈមមុខ ប៉ុន្តែឯកភាព ដើម្បីសហប្រតិបត្តិការ។ បង្កើនភាពធន់ ក្នុងការជម្នះ នូវឧបសគ្គព្យុះភូមិសាស្ត្រ នយោបាយ ដើម្បីការពារផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា រក្សាសន្តិភាព ស្ថិរភាព ការរស់រាន និងការរីកចម្រើន ដោយប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវអព្យាក្រឹតភាព ការគោរពច្បាប់អន្តរជាតិ និងគោលនយោបាយ ការបរទេសឯករាជ្យបញ្ចៀសការធ្វើសកម្មភាព ជាមួយភាគីម្ខាងហើយធ្វើឱ្យខូចប្រយោជន៍ ដល់ភាគីម្ខាងទៀត។

លោកគូសបញ្ចាក់ថា កន្លងមកគោលនយោបាយការទូតសភា ជាទូទៅកិច្ចការងារការទូត ត្រូវគេយល់ឃើញថា ជា ការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដែលអនុវត្តដោយក្រសួងការបរទេស ប៉ុន្តែនៅក្នុងទសវត្សន៍ចុងក្រោយនេះ ស្ថាប័ននីតិប្បញ្ញត្តិ មានតួនាទីយ៉ាងសំខាន់តំណាងប្រជាជន ដើម្បីពង្រីកចំណងមិត្តភាព ជាមួយសភា នៃបណ្តាប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ។ ហើយ វិស័យការទូតសភា (រដ្ឋសភា និងព្រឹទ្ធសភា) គឺជាការងារការទូតច្រកទី២ (Track ២) ដែល ត្រូវបានអនុវត្តយ៉ាងទៀងទាត់ តាមនីតិកាលនីមួយៗ ស្របតាមគោលនយោបាយ របស់គណបក្សដឹកនាំ និងកម្មវិធីនយោបាយ ការទូតរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារ ផលប្រយោជន៍ជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ សេដ្ឋកិច្ច ។

ជាទីបញ្ចប់ លោកប្រធាន បានផ្តល់កិត្តិយសអញ្ជើញ ចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងប្រគល់សៀវភៅ ធម្មនុញ្ញសន្តិភាពសកល ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនោះផងដែរ៕