(សាធារណរដ្ឋតួកគីយ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ បានអនុញ្ញាតជូន លោក Peter Semons ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើ ការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោកតាមរយៈបណ្តាញដ៏ទូលំទូលាយរបស់សមាគម។

ក្នុងជំនួបនេះ រដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងពីឆន្ទៈរបស់កម្ពុជាឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសំរាប់អាណត្តិក្រោយ និងទស្សនទានរបស់កម្ពុជាផ្អែកលើ ពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលលោកប្រធានក្រុមប្រឹក្សាភិបាលបានយល់ស្របដែលទេសចរណ៍ជាការងាររួមគ្នាទាំងរដ្ឋ និងឯកជន។

ជាមួយគ្នានេះ លោក Peter Semons ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ រដ្ឋមន្រ្តី ហួត ហាក់ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ2025 របស់សមាគម ដោយស្នើគោរពអញ្ជើញ រដ្ឋមន្រ្តី ហួត ហាក់ ចូលរួមក្នុងជំនួបឆ្នាំ2026 នៅប្រទេសកូរ៉េ និងចូលរួមជាវាគ្មិន និងស្ថាបនិកវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីនាកិច្ចប្រជុំឆ្នាំក្រោយ៕