(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារផ្តល់ សេវាសាធារណៈនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ។

លោករដ្ឋមន្រ្តី តែងតែចុះសំណេះសំណាលជាប្រចាំនៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ហើយបានដាក់ចេញគោលការណ៍អាទិភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការងារ កែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត សំដៅលើកកម្ពស់ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានគុណភាព។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានផ្តល់ការគាំទ្រជាប្រាក់ឧបត្ថម្ភក្នុងការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តបន្ថែម សម្រាប់បំពេញការងារនៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ជាមួយគ្នានេះលោក ឌិត ទីណា បានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរួមសហការគ្នាពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឱ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៥ និងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាខេត្តគំរូលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន រដ្ឋបាលក្រុងស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ កំពុងយកចិត្តទុកដាក់លើការងារកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស រដ្ឋបាលស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យ បាននិងកំពុង ចុះអនុវត្តយុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋានក្នុងឃុំទាំង៧ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ តទៅ ហើយរំពឹងថានឹងអាចសម្រេចបានលទ្ធផលជាវិជ្ជមានតាមការគ្រោងទុក និងទទួលបានការសាទរពី សំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕