(កែប)៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប និងកងកម្លាំងប្រដាប់អាវុធ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ដែលកងកម្លាំងទាំងនេះ បានចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ពិធីបុណ្យចូល ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់។
លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈរបៀបរៀបរយ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់ សុខសុវត្ថិភាព មានសោភ័ណភាព និងសេចក្ដីថ្លៃថ្នូរ ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញទៅលេងនៅខេត្តកែប។
លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា «តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អាជីវករ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមសហការធ្វើឱ្យមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ អនាម័យបរិស្ថានស្អាត និងការវេចខ្ចប់កាកសំណល់រឹងរាវបានយ៉ាងត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ កន្លងទៅនេះ»។
ជាមួយគ្នានេះ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា សង្ក្រាន្តខេត្តកែប ពិតជាមានភាពអ៊ូអរ និងសប្បាយរីករាយណាស់ជាមួយនឹងការចូលរួមកម្សាន្តយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកពីគ្រប់ទិសទី ក្រោមម្លប់សន្តិភាពពេញលេញនៅទូទាំងប្រទេស។
គួរឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកែប បានរៀបចំទីតាំងសង្រ្កាន្តរហូតដល់៣ទីតាំងដើម្បីបង្កលក្ខណសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្រាប់ពិធីបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងបរទេស បានអញ្ជើញមកសម្រាកលំហែកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន និងតំបន់ត្រជាក់របស់ខេត្តកែប ទាំង៣ទីតាំងប្រមាណ ១៦១,១៦៨ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៩,៧៨៨នាក់ កើនឡើង ១,៣៨០នាក់ ស្មើនឹង ០,៨៦% ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៦០,៤០៥នាក់ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៨,៨៩៦នាក់ កើនឡើង ១,៥០៩នាក់ ស្មើនឹង ០,៩៤%។ ភ្ញៀវបរទេស មានចំនួន ៧៦៣នាក់ បើធៀបនិងឆ្នាំ២០២៤ មានចំនួន ៨៩២នាក់ ថយចុះ ១២៩នាក់ ស្មើនឹង១៤,៤៦%។ ដោយឡែករថយន្តសរុប ១៨,៥៦៦គ្រឿង ក្នុងនោះរថយន្តតូច ១២,៨៣៦គ្រឿង រថយន្តមធ្យម ៥,៦៩៥គ្រឿង និងរថយន្តធំ ៣៥គ្រឿង។
ជាមួយនោះដែរ អភិបាលខេត្ត ក៏សូមថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេងកំសាន្តនៅខេត្តកែប ប្រកបដោយភាពថ្លៃថ្នូរ មានសុជីវធម៌ សីលធម៌ គោរពគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នាក្នុងនាមខ្មែរ និងខ្មែរ។
លោក សោម ពិសិដ្ឋ បានចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ អាជ្ញាធរ និងកងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យព្រឹត្តិការណ៍នេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវការគាំទ្រកោតសរសើរ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕