(ភ្នំពេញ)៖ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យក្វាងជូ (GWANGJU UNIVERSITY) នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលរួមគ្នា រវាងសាកលវិទ្យាល័យទាំងពីរ ក្នុងគោលបំណងចូលរួមកសាងសមត្ថភាពយុវជនកម្ពុជា ដែលជាសេចក្តីត្រូវការចំពោះមុខ និងសម្រាប់ រយៈពេលវែងលើជំនាញដែលជាសេចក្តីត្រូវការចាំបាច់ សម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នៅកម្ពុជា។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំតំណាងឱ្យអង្គភាពពាក់ព័ន្ធ។
ជាមួយនឹងការបញ្ជាក់ពីគោលបំណងនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោក អិន អេម ក៏ថ្លែងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទំនាក់ទំនាងការទូតតាំងពីឆ្នាំ១៩៧០ និងបានក្លាយជាដៃគូពាណិជ្ជកម្មសេរីក្នុងឆ្នាំ ២០២១ (Cambodia–Korea Free Trade Agreement in 2021), ក្នុងដំណើរចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, រដ្ឋាភិបាលកូរ៉េបានផ្តល់ការគាំទ្រដល់កម្ពុជា តាមរយៈ KOICA និងភ្នាក់ងារផ្សេងទៀត លើការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល កសិកម្មនិងអភិវឌ្ឍជនបទ និង ហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។
ក្នុងន័យនេះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាឱកាសនេះគឺជាការចូលរួមចំណែកបន្ថែមទៀតលើវិស័យអប់រំ និងបណ្តុះបណ្តាល សំដៅលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពសិស្ស និស្សិតកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល ប្រកបដោយបរិយាបន្ន ស្របតាមបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្ម និង ការរីកលូតលាស់ដ៏លឿននៃបច្ចេកវិទ្យា និងឌីជីថល។
ជាមួយគ្នានេះលោក Dongjin Kim ប្រធានសាកលវិទ្យាលក្វាងជូ បានបង្ហាញអំពីជំនឿជាក់ថា កម្ពុជាពិតជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល ដោយជោគជ័យតាមរយៈកសាងសមត្ថភាពធនធានមនុស្ស ព្រោះថា កម្ពុជាសំបូរទៅដោយយុវជនវ័យក្មេង ដែលមានថាមពល សក្តានុពល និងឆន្ទះខ្ពស់ក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ។ ក្នុងន័យនេះសាកលវិទ្យាល័យក្វាងជូ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចូលរួមបន្ថែមទៀតលើការងារកសាង និងអភិវឌ្ឍសមត្ថភាពនៅកម្ពុជា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានរៀបចំឡើងដោយមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថាន ឧត្តមសិក្សាទាំងពីរ និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់គុណភាពអប់រំ និង ការធ្វើទំនើបកម្មកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធគាំទ្ររបស់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់ការផ្តល់សេវាអប់រំឱ្យកាន់តែប្រសើរជូនសិស្ស និស្សិត និងសាធារណជននៅកម្ពុជា។
ក្នុងពេលខាងមុខសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបើកដំណើរការវគ្គបណ្តុះបណ្តាលលើជំនាញពាក់ព័ន្ធនឹង Digital និង Technological Transformation និង ជំនាញពាក់ព័ន្ធផ្សេងទៀត ដោយមានកិច្ចសហការរៀបចំបច្ចេកទេស ឯកសារបណ្តុះបណ្តាល និងការបង្រៀនដោយផ្ទាល់ ពីអ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ និងសាកលវិទ្យាល័យក្វាងជូ (GWANGJU UNIVERSTIY)៕