(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាចរបស់សមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពី លោក ហាក់ លាងហ៊ ប្រធានសមាគម លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសមាជិក សមាជិកាជាច្រើនរូប។
ថ្លែងក្នុងអង្គពិធីលោក ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះសមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមយ៉ាងស្វិតស្វាញជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ហើយវិស័យឯកជនក៏បាននិងកំពុងរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជន។
រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា សក្តានុពលនៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យរាប់ទាំងវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេសបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំចំនួន៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន(៣) ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។
ឆ្លើយតបនឹងផែនការមេខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក៕