(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមជនល្មើស២នាក់ ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រលាក់ទឹកខ្មៅ ដើម្បីក្លាយជាលុយដុល្លារពិតប្រាកដ បន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លារ តាមរយៈការយកលុយដុល្លារពិតប្រាកដ ទៅក្រឡុកក្នុងម៉ាស៉ីនលាយជាមួយលុយប្រលាក់ទឹកខ្មៅ ដើម្បីឲ្យក្លាយជាលុយដុល្លារពិតទាំងអស់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងអំពីហេតុការណ៍នៃអំពើឆបោកនេះ រួមជាមួយនឹងរឿងរ៉ាវមួយចំនួន នៃអំពើឆបោកផ្សេងទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋជឿលង់ ជាមួយចិត្តលោភលន់ចង់បានលុយរបស់អ្នកដ៏ទៃងាយៗ នាំឲ្យខាតបង់ទ្រព្យសម្បត្តិ។

ខាងក្រោមនេះ ជាខ្លឹមសារនៃការរៀបរាប់ទាំងស្រុងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖

«សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!

រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញ ហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែង ជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង។

បន្ទាប់មកក៏មានអ្នកក្លែងជាគយ ឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃ ឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេជាដើម តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។

ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោកមួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។

ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។

ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារ ឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ)។

បន្ទាប់មកក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ)។ ក្រោយមកជនរងគ្រោះក៏មានការទុកចិត្តជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន២៨លានដុល្លារ។ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរៀងរាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹងនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។

ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់ នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។

ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធន៍ទាំងនេះ អំពាវនាវដល់បងប្អូន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណាយើងបាន ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះ ទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់។ សូមអរគុណ»៕