(ស្វាយរៀង)៖ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត រួមជាមួយលោកស្រី ជួន សុវណ្ណារី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានទទួលបច្ច័យទេយ្យទានពីព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុងបាវិត ព្រមទាំងព្រះគ្រូចៅអធិការ គ្រូអាចារ្យ គណៈកម្មការទាំង ១៩វត្ត ប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សម្រាប់ត្រៀមឆ្លើយតបដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងក្រុង។
ក្នុងឱកាសនោះលោក លឹម សៀងហេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំ ក្នុងការចូលរួមចំណែកសកម្មភាពការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីធ្វើឱ្យវិស័យមនុស្សធម៌មួយនេះ កាន់តែមានលទ្ធភាពបន្ថែមទៀត។
លោកប្រធានកិត្តិយសអនុសាខា បានសន្យាថានឹងនាំយកសម្ភារទេយ្យទានទាំងអស់នេះ ទៅចាត់ចែងចែកជូនបន្តដល់ដៃបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា ឱ្យទៅនឹងទឹកព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទាន។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៦៧៥គីឡូក្រាម, មី ១៨កេស, ទឹកសុទ្ធ ១៧កេស, ភេជ្ជៈ២០កេស, ត្រីខកំប៉ុង៨យួរ, ទឹកស៊ីអ៊ីវ ៨យួរ, ទឹកត្រី ៦យួរ, បន្លុង ៤, អីវ៉ាន់បង្សុកូល ១៧ឈុត, ប៊ីចេង ៥គ.ក្រ, ស្ករស ៥គ.ក្រ បច្ច័យ៣លានរៀលផងដែរ៕