(កោះកុង)៖ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សាខាខេត្តកោះកុង បានសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ដងទង់ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានដឹកជញ្ជូនទឹកស្អាតចែកជូនប្រជាពលរដ្ឋដែលកំពង់ប្រឈមកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ស្ថិតនៅភូមិ៤ សង្កាតដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ពលរដ្ឋដែលប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ បានឲ្យដឹងថា រយៈពេលជាច្រើនថ្ងៃមកហើយក្នុងនៅចំណុចភូមិ៤ សង្កាត់ដងទង់ មានប្រជាពលរដ្ឋរាប់រយគ្រួសារកំពង់ប្រឈមបញ្ហា ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃដែលពុំមានទឹកប្រើប្រាស់។
ពលរដ្ឋបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះពួកបានទទួលទឹកប្រើប្រាស់ដែលមានគ្រប់បណ្តាថ្នាក់ដឹកនាំក្នុងខេត្តបានដឹកជញ្ជូនទឹកចែកជូនប្រជាពលឲ្យប្រើប្រាស់ជាហូហែរ ក្នុងការដោះស្រាយក្នុងជីវភាពជាបណ្តោះអាសន្ន ទោះបីប្រើប្រាស់មិនគ្រប់គ្រាន់ក៏យើងត្រូវចេះសន្សំសំចៃទំរាំងមានទឹកស្អាតប្រើប្រាស់ឡើងវិញ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ និងភាគីខាងក្រុមហ៊ុនផលិតទឹកស្អាតធ្វើយ៉ាងឲ្យមានទឹកប្រើប្រាស់ឲ្យឆាប់ៗផង ព្រោះនៅតំបន់មានសមុទ្រពុំអាចជីកអណ្តូងទឹកបានទេ ព្រោះវាជាតំបន់ជាប់មាត់សមុទ្រមានរសជាតិ ប្រៃមិនប្រើប្រាស់ឡើយ។
លោក ហាក់ ឡេង បានឲ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋមានការប្រឈមនៅបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងជីវភាពគ្រួសារ លោក នឹងក្រុមការងារបានសហការជាមួយ អាវុធហត្ថខេត្តបានធ្វើការដឹកជញ្ជូនទឹកស្អាតចំនួន ៥រថយន្ត ស្មើរនឹង ៥៩.០០០លីត្រ ជួយដល់ប្រជាពលរដ្ឋរស់ក្នុងចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
លោកបានបន្តថា ក្រុមការងារ អ.ម.ត.ខេត្តនៅបន្តដឹកជញ្ជូនជាបន្តបន្ទាប់បន្ថែមទៀតមិនឲ្យពលរដ្ឋគ្មានទឹកប្រើប្រាស់នោះឡើយ។ លោកក៏សូមឲ្យប្រជាពលរដ្ឋប្រើប្រាស់សន្សំសំចៃព្រោះខែនេះរដូវប្រាំងរីងស្ងួត ដែលធ្វើឲ្យយើងខ្វះទឹកប្រើប្រាស់៕