(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីដំណើរការស្តារបរិស្ថានឡើងវិញ នៅតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ខេត្តពោធិ៍សាត់ សម្រាប់ដំណាក់កាលទី២ ដោយមានការចូលរួមពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំណាងមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីការិយាល័យជំនាញមួយចំនួនទៀត។

គួរជម្រាបជូនថា នៅតាមដងផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានពិភាក្សាស្តីពីផែនការដាំដើមឈើចម្រុះឡើងវិញ ក្នុងដំណាក់កាលទី២ ចំនួន១២ម៉ឺនដើម នៅចុងខែមេសា ឆ្នាំ២០២៥ នៅលើផ្ទៃដី២៦៤ហិកតា ដើម្បីឱ្យកាន់តែមានសោភណ្ឌភាព និងសមិទ្ធផលផ្លែផ្កា បន្ទាប់ពីបានដាំដំណាក់កាលទី១ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅលើផ្ទៃដី៤៥ហិកតា ចំនួន៥ម៉ឺនដើម ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានជម្រាបជូនថា កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនអូស្ត្រាលី Renaissance Minerals (Cambodia) Limited បានចុះពិនិត្យទីតាំង ដើម្បីដាំដើមឈើដំណាក់កាលទី២ នៅអំឡុងចុងខែមេសា ឆ្នាំ២០២៥ លើផ្ទៃដីប្រមាណ២៤៦ហិកតា ដោយមានដើមឈើចម្រុះ១៤ប្រភេទ ប្រមាណ១២ម៉ឺនដើមបន្ថែមទៀត។

លោកអគ្គនាយកបន្តថា បន្ទាប់ពីក្រុមការងារចុះពិនិត្យ ឃើញថានៅមានដំណាំសេសសល់ក្នុងតំបន់នោះមួយចំនួន ដូចជាទុរេន ដំឡូងមី និងផលដំណាំផ្សេងៗទៀត ប្រមាណ២៥ហិកតា ព្រមទាំងមានប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវកៅស៊ូ ចាប់ពីបន្ទាយទាហាន រហូតដល់អូរភ្នំ១៥០០។ តំបន់ដែលគ្រោងដាំដើមឈើ ដំណាក់កាលទី២នេះ អាចមានហានិភ័យពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហេតុនេះសូមស្នើដល់លោកអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ពិនិត្យដោះស្រាយបញ្ហាប្រឈម ឱ្យបានរួចរាល់ជាមុននៅតំបន់ត្រូវអនុវត្តដាំដើមឈើបន្ត លើផ្ទៃដីប្រមាណ២៦៤ហិកតា ដែលមានទីតាំងចាប់ពីបន្ទាយទាហាន រហូតដល់ផ្ទះក្បឿងក្រហមលើភ្នំ១៥០០។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលយកនូវការស្នើសុំរបស់ក្រុមការងារ ដោយក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ជាតិ ដែលបានបន្តយកចិត្តទុកដាក់ ជំរុញឱ្យខេត្តពោធិ៍សាត់ មានសោភណ្ឌភាពជាបន្តបន្ទាប់ ជាពិសេសតំបន់អន្ទង់អាំង ផ្លូវបុផ្ផាលាក់ខ្លួន ឬភ្នំ១៥០០។ ជាការពិតណាស់ ក្នុងជំហានទី១ យើងបានដាំដើមឈើ លើផ្ទៃដី៤៥ហិកតា មានដើមឈើចម្រុះ ចំនួន១៤ប្រភេទ សរុប៥ម៉ឺនដើម ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited និងបន្តក្នុងជំហានទី២ លើផ្ទៃដីប្រមាណ២៦៤ហិកតា សរុបប្រមាណ១២ម៉ឺនដើម។

ក្នុងនាមរដ្ឋបាលខេត្ត លោក ខូយ រីដា សូមប្តេជ្ញាខិតខំយកចិត្តទុកដាក់ ចូលរួមសហការជាមួយក្រុមការងារថ្នាក់ជាតិ និងក្រុមហ៊ុន ដោយបំផុសឱ្យគ្រប់មន្ទីរអង្គភាព អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងស្រទាប់យុវជន ដាំដើមឈើបន្ថែមនៅតាមដងផ្លូវ និងធ្វើការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ចំពោះគ្រួសារដែលរស់នៅអមសងខាងផ្លូវ នៅតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យបានចប់សព្វគ្រប់។

លោកសូមឱ្យតំណាងក្រុមហ៊ុន បង្ហាញពីគម្រោងផែនការសកម្មភាពស្តារបរិស្ថានឡើងវិញ ក្នុងជំហានទី២ ដើម្បីឱ្យរដ្ឋបាលខេត្ត ស្រុកនិងកម្លាំងប្រដាប់អាវុធ ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាព ស័ក្កសិទ្ធ និងប្រសិទ្ធផល តាមផែនការដែលបានគ្រោងទុក៕