(ភ្នំពេញ)៖ លោកបណ្ឌិត្យសភាចារ្យ ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ នឹងបានរួមចំណែកក្នុងដំណើរការលូតលាស់នៃសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត្យសភាចារ្យ ប៊ុត បូវុត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកអញ្ជើញតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បើសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេតស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ដែលរៀបចំឡើងដោយ រាជបណ្ឌិតសភាកម្ពុជា សហការជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ។
លោកបណ្ឌិត្យសភាចារ្យ ប៊ុត បូវុត បានថ្លែងដូចនេះថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យឧស្សាហកម្មគ្រឿងស្រវឹង បានរួមចំណែកក្នុងដំណើរការលូតលាស់នៃសេដ្ឋកិច្ចជាតិ»។
លោកបណ្ឌិត្យសភាចារ្យ ប៊ុត បូវុត បានបន្ថែមថា ការរីកចម្រើនលើគ្រប់វិស័យនេះដែរក៏បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ជួយប្រព័ន្ធផ្សព្វផ្សាយឱ្យដំណើរការទៅមុខ និងការអភិវឌ្ឍប្រទេសដើម្បីសម្រេចតាមចក្ខុវិស័យ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងឆ្ពោះទៅបង្គោលចរណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ មានចំណូលខ្ពស់ផងដែរ។
លោកបណ្ឌិត្យសភាចារ្យ ប៊ុត បូវុត បានបន្តទន្ទឹមនឹងការរីកចម្រើននៃវិស័យឧស្សាហកម្មគ្រឿងស្រវឹង, វិស័យនេះក៏ជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់សង្គម វប្បធម៌ សុខុមាល ភាពសាធារណៈ និងការប្រកួតប្រជែងមិនស្មោះត្រង់តាមគ្រប់មធ្យោបាយដើម្បីទាក់ទាញអតិថិជនរៀងៗខ្លួន ជាពិសេសស្រទាប់យុវជនឱ្យឈ្លក់វង្វេងទទួលទានគ្រឿងស្រវឹង ដើម្បីផ្សងសំណាងតាមរករង្វាន់។
លោកបណ្ឌិត្យសភាចារ្យ ប៊ុត បូវុត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រុមហ៊ុនធុរកិច្ចផលិតផល គ្រឿងស្រវឹង និងដៃគូពាក់ព័ន្ធទាំងអស់សូមយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍ ១៧ចំណុច របស់ ក.គ.ផ.ស. គោលការណ៍ «ឆន្ទៈល្អ» និងវិធានការដែល បានដាក់ចេញដោយរាជរដ្ឋាភិបាលផងដែរ៕