(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី លី គឹមរី ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវថ្មី ជំនួសលោកវរសេនីយ៍ត្រី ហ៊ុន លាង ដែលត្រូវផ្លាស់ប្ដូរមកបម្រើការនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានកោតសរសើរចំពោះ អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ដែលកន្លងមកបានប្រឹងប្រែងលះបង់កម្លាំងចិត្ត និងពេលវេលាបំពេញភារកិច្ច ក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ បានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនោះ លោកបានណែនាំដល់មេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថក្រុងដូនកែវថ្មី ដែលទើបចូលកាន់តំណែង ត្រូវខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អបន្តទៀត។

លើសពីនេះ លោកបានណែនាំឲ្យបង្កើនការទប់ស្កាត់ក្រុមក្មេងទំនើង និងបង្ក្រាបការប្រើប្រាស់ និងជួញដូគ្រឿងញៀន ឲ្យអស់ពីមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋ មកលើសមត្ថកិច្ចឲ្យកាន់តែខ្លាំងក្លាថែមទៀត៕