​(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ​លោក សុខ ពុទ្ធិវុធ បានជម្រាបជូនអំពីកិច្ចការអាទិភាពនិងសមិទ្ធផលធំៗដែលក្រសួងសម្រេចបានកន្លងមក ជាអាទិ៍ ការយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-កូរ៉េ តាមរយៈ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការរដ្ឋាភិបាលឌីជីថល (Digital Government Cooperation Center) និងប្រព័ន្ធផ្សព្វផ្សាយអប់រំនៅកម្ពុជា (Educational Broadcasting Cambodia)និងវឌ្ឍនភាពអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់និងនៅកម្ពុជា និងការរៀបចំគោលនយោបាយ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមុស្ស ជាពិសេសស្នាដៃលេចធ្លោមួយ គឺការបង្កើតថ្នាល verify.gov មិនត្រឹមតែប្រើប្រាស់ផ្លូវការក្នុងការផ្ទៀងផ្ទាត់ឯកសារនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបានពង្រីកវិសាលភាពទៅបណ្ដាប្រទេសដៃគូក្នុងតំបន់អាស៊ាន។

បន្ថែមលើនេះ ​​ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងកិច្ចសហការបន្ត ទាំងកម្រិតតំបន់ និងកម្រិតទ្វេភាគីរវាងកម្ពុជា-កូរ៉េ លើផ្នែកសំខាន់ៗរួមមានការបណ្តុះបណ្តាលធនធានមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាជំនួយដល់ការរៀបចំច្បាប់ និងបទដ្ឋានគតិយុត្ត ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនិងធុរកិច្ច។

លោក Hwang Myoungsuk បានថ្លែងអំណរគុណ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ​លោក សុខ ពុទ្ធិវុធ ដែលបានគាំទ្រកិច្ចសហការរវាងកម្ពុជា-កូរ៉េ ក្នុងវិស័យឌីជីថល និងបានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាន និងសន្យាពាំនាំព័ត៌មាននិងសំណូមពរផ្សេងៗ ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហការជាមួយកម្ពុជានិងកូរ៉េ​៕