(បាត់ដំបង)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានបរិច្ចាគថវិកាចំនួន ២.៥១០ដុល្លារជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសប្រារព្ធ «ទិវាធានារ៉ាប់រងកម្ពុជា ២០២៥» និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកម្មវិធីរត់កម្សាន្តក្រោមប្រធានបទ «រត់ដើម្បីអនាគត» ដើម្បីកៀរគរថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក.និងលោក មូល ធន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោក លោកស្រី មន្រ្តីរាជការប្រជាពលរដ្ឋជាច្រើននាក់ នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង។
លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងនាម លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាខេត្ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកម្មវិធីរត់កម្សាន្តក្រោមប្រធានបទ «រត់ដើម្បីអនាគត» ដើម្បីកៀរគរថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងបានឧបត្ថម្ភថវិកាចំនួន ២,៥១០ដុល្លារ (ពីពាន់ប្រាំរយដប់ដុល្លារអាម៉េរិក) ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
សាខាកាកបាទក្រហមកម្ពុជាបាត់ដំបង សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕