(ស្វាយរៀង)៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់រវាងសមត្ថកិច្ច និងជនត្រូវចោទ ពេលចុះអនុវត្តតាមដីកានៅឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីព្រឹក ដោយបង្កឱ្យជនត្រូវជនរងរបួសដៃឆ្វេង និងបានឃាត់ខ្លួនបក្ខពួក ២នាក់ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩៖៣០នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ព្រមទាំងបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ឱ្យចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣។

លោកបានបន្តថា ពេលកម្លាំងសមត្ថកិច្ច សហការគ្នាចុះទៅអនុវត្តតាមដីកាមុខសញ្ញាមានដីកាចាប់ខ្លួននោះ ឈ្មោះ អ៊ុច អ៊ាន មានបក្ខពួកចំនួន៣នាក់, ទី១.ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីំលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ), ទី២.ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និងទី៣. ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅមួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុនភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជាមួយគ្នានេះ លោកអធិការបានបន្តថា បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ និងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការអនុញ្ញាតពី លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឲ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់មុខសញ្ញា រហូតដល់ម៉ោង១៣និង៤៥នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាទាំង ៣នាក់ខាងលើបាន។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបត ទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង បច្ចុប្បន្ន ឈ្មោះ អ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែកជនសង្ស័យឈ្មោះ មាក សាំសូរិយា និងឈ្មោះ នី កក្ដដា សមត្ថកិច្ចបាននាំខ្លួនមកអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ នៅចំពោះសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះ អ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចគេជាច្រើនលើក ពេលលួចបានជូនកាលបានយកលុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថាឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ។ សមត្ថកិច្ចបានធ្វើតេស្ដម៉ូតទឹកនោម លើជនសង្ស័យទាំង២នាក់លទ្ធផល វិជ្ជមាន(+)។

បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅចំនួន១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនទៀតផងដែរ៕