(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤៤,៧៩៨ ដល់ចំនួន៤៥,២៥៥ សហគ្រាស។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងចំណោមរោងចក្រសហគ្រាស ចំនួន៤៥,២៥៥នេះ មានចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួនប្រមាណ ១.៨១លាននាក់ ដល់ចំនួន១.៨៥លាននាក់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់៤៥,២៥៥សហគ្រាស បើធៀបនឹងឆ្នាំ២០២៤ មានចំនួន៤៤,៧៩៨ សហគ្រាស»

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើនការងារនៅកម្ពុជា មិនមែនជាតួលេខខ្យល់នោះទេ គឺមានការកើនឡើងជាក់ស្តែង។ សម្រាប់អ្នកមើលតាមលំហអាកាស គឺមើលអត់ឃើញទេ បើចង់ឃើញ សូមអញ្ជើញមកមើលផ្ទាល់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបច្ចុប្បន្ន មិនមែនផលិតតែសម្លៀកបំពាក់ ឬស្បែកជើងនោះទេ គឺមានទាំងគ្រឿងបង្គុំអគ្គិសនី និងរថយន្តថែមទៀតផង។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣.២៧ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួនប្រមាណ ១៥ម៉ឺនកន្លែង៕