(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សហជីពបំពេញការងារឱ្យស្របតាមច្បាប់វិជ្ជាជីវៈ ដើម្បីដោះស្រាយការងារជូនកម្មករ និយោជិតមានប្រសិទ្ធភាព ហើយរាជរដ្ឋាភិបាល បានខិតខំលើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់សហជីព និងអនុសញ្ញាអន្ដរជាតិខាងការងារដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន៦,៦០០ ក្នុងនោះសហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦,២៦៥ និងសមាគមនិយោគជកចំនួន១២។
ជាមួយគ្នានេះ សម្ដេចធិបតី បានបន្ថែមថា ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយុទ្ធការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលារ។ ជាក់ស្ដែងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ អត្រាសះជានៃការផ្សផ្សានៃវិវាទការងារ នៅកម្រិតក្រសួង គឺបានកើនឡើង៨៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៤% ប៉ុណ្ណោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការងារយកចិត្តទុកដាក់ និងការខិតខំរបស់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហជីព ទៅតាមអ្វីដែលច្បាប់បានអនុញ្ញាត និងត្រូវរកវិធីដោះស្រាយដោយឈ្នះឈ្នះទាំងអស់គ្នា។ ពីព្រោះកន្លែងខ្លះបើការទាមទារលើស ច្បាប់អនុញ្ញាត គឺដោះស្រាយមិនចេញនោះទេ។
ចំពោះរឿងដោះស្រាយវិវាទរវាងថៅកែរោងចក្រ និងកម្មករ កម្មការិនី, គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចនៅចងចាំច្បាស់ណាស់ ពោលកាលពីឆ្នាំ២០២៤ មានក្រុមហ៊ុនមួយ បានជួបបញ្ហាក្នុងគ្រានោះ មានកម្មករ កម្មការិនី បានតវ៉ាបិទផ្លូវ ដោយសារតែរោងចក្រមួយបានបិទទ្វារ។ ដូច្នេះ បើតាមនីតិវិធីច្បាប់ គឺត្រូវការលក់ឡៃឡុងសម្ភារៈនៅក្នុងរោងចក្រដើម្បីដោះស្រាយជូនកម្មករ កម្មការិនី ខណៈសហជីពនៅក្នុងរោងចក្រ និងអ្នកពាក់ព័ន្ធខិតខំប្រឹងប្រែងធ្វើការងារនេះបានយ៉ាងរលូន ក៏ប៉ុន្តែ បែរជាមានអ្នកទី៣ ជ្រកក្រោមស្លាកអង្គការ មកញុះញង់កម្មករ កម្មការិនី ឱ្យនាំគ្នាចេញមកធ្វើបាតុកម្ម រហូតបង្កឱ្យការតវ៉ាបិទផ្លូវជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យបងប្អូនដែលជាតំណាងសហជីព ជាអង្គការវិជ្ជាជីវៈពិតប្រាកដ ត្រូវធ្វើការនៅក្នុងក្របខណ្ឌវិជ្ជាជីវៈ ឱ្យបានច្បាស់លាស់ ហើយអនុលោមតាមច្បាប់ដែលយើងអនុម័តបានទើបយើង ដោះស្រាយបាន បើយើងទាមទារហួសពីច្បាប់អនុញ្ញាត គឺមិនអាចដោះស្រាយបាននោះទេ ហើយអាចមិនស្រួល គឺចូលទៅក្នុងអន្ទាក់នៃការធ្វើនយោបាយរបស់ក្រុមណាមួយនោះ គឺដោះស្រាយមិនចេញតែម្តង»។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានាជូនដល់បងប្អូនកម្មករ កម្មការិនី នៅក្នុងក្របខណ្ឌដែលច្បាប់បានអនុញ្ញាត ឱ្យលឿន និងមានប្រសិទ្ធភាព មិនមានភាពលំអៀង ចំណុចនេះគឺជាអ្វីដែលរាជរដ្ឋាភិបាល សហជីព និងអង្គការវិជ្ជាជីវៈនានាត្រូវធ្វើការរួមគ្នាដោះស្រាយ។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយវិវាទរបស់កម្មករ និយោជិត ត្រូវឈរលើវិជ្ជាជីវៈ ហើយកុំយកបញ្ហាផ្សេងមកភ្ជាប់ គឺដោះស្រាយមិនចេញទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយោជក និងនិយោជិត ប្រៀបដូចប្តីប្រពន្ធ រាជរដ្ឋាភិបាលប្រៀបដូចអាណាព្យាបាល។ សម្តេចទទូចឱ្យរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីការចម្រើនលូតលាស់ក្នុងវិស័យការងារ និងការវិនិយោគ។ សម្តេចបានសង្កត់ធ្ងន់ថា បើកម្ពុជាឃើញតែការធ្វើបាតុកម្ម អ្នកវិនិយោគមិនចង់មករកស៊ីនោះឡើយ។ តែបើវិស័យការងារសុខសាន្ត គឺនឹងមកវិនិយោគកាន់តែច្រើន៕