(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះបានថ្លែងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុប ២.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង។គម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោចក្រសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស ហើយចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួនប្រមាណ ១.៨១ លាននាក់ ដល់ចំនួន ១.៨៥លាននាក់។

ឆ្លើយតបនឹងការលើកឡើងគ្មានមូលដ្ឋាន របស់ក្រុមមួយចំនួន ដែលនិយាយថា មិនឃើញមានសកម្មភាពវិនិយោគថ្មីនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលតែងប្រកាស ពីការកើនឡើងគម្រោងជាបន្តបន្ទាប់នោះ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅវិញថា «កុំអង្គុយពីចម្ងាយហើយស្រែក ចុះមកមើលផ្ទាល់ទើបដឹង»

ការថ្លែងរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបានថ្លែងដូច្នេះថា «ថ្ងៃមុនឃើញគេថា ឃើញរដ្ឋាភិបាលប្រកាសចំនួនអ្នកវិនិយោគ ប៉ុន្តែដូចអត់ឃើញអីសោះ មកពីអ្នកឯងមិនមកមើលកន្លែងគេធ្វើ មើលតែលើលម្ហអាកាស ជាក់ស្តែងគឺយើងមានរោងចក្របុកគ្រឹះថ្មីៗ កន្លែងខ្លះខ្ញុំទៅសម្ពោធ [...] បើយើងមិនទៅមើល យើងមិនដឹងទេ ហើយកុំអង្គុយពីចម្ងាយហើយស្រែកថា ខ្ញុំដូចជាអត់មានអារម្មណ៍ថាកើន សូម្បីគ្រូទាយក៏មើលមិនឃើញដែរ ទាល់តែទៅមើលទើបដឹងថាកើន ឬមិនកើន ហើយទិន្នន័យដែលយើងបញ្ជាក់នេះ មិនមែនទិន្នន័យខ្យល់ទេ គឺទិន្នន័យពិតប្រាកដ។ ចំនួនសហគ្រាស បើពីណាមិនជឿជិះយន្តហោះមក ឯកឧត្តម ហេង សួរ នាំទៅមើលភ្លាម»

សូមជម្រាបថា នៅរយៈពេល៣ខែឆ្នាំ២០២៥នេះ (ត្រីមាសទី១) CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧២គម្រោង ក្នុងនោះក្រុមហ៊ុនវិនិយោគរបស់ចិន បានឈរនៅលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដែលមានចំណែករហូតដល់ជិត៨០%។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។

ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤៕