(ភ្នំពេញ)៖ ក្រៅពីការផលិតសម្លៀកបំពាក់ ឬស្បែកជើង នៅពេលបច្ចុប្បន្ននេះសមត្ថភាពរបស់កូនខ្មែរ គឺមានការរីកចម្រើន ហើយឈានដល់ការអាចផលិតបាននូវគ្រឿងបង្គុំអគ្គិសនី និងរថយន្ដថែមទៀតផងដែរ។ ការរីកចម្រើននៃសមត្ថភាពរបស់កូនខ្មែរនៅពេលនេះ បានធ្វើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្ហាញពីការស្ញប់ស្ញែង និងមោទនភាពយ៉ាងក្រៃលែង។

ការបង្ហាញមោទនភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពីដើមឡើយយើងគ្រាន់តែបើករោងចក្រកម្រិតទាបមួយ ប៉ុន្ដែឥលូវយើងមិនមែនផលិតតែខោអាវ ស្បែកជើងទៀតទេ, អាចផលិតគ្រឿងបង្គុំអគ្គិសនី ផលិតទាំងរថយន្ដ។ ខ្ញុំមានមោទនភាពណាស់ដែលមានរថយន្ដផលិតនៅកម្ពុជា (Made in cambodia) ខ្ញុំទៅមើលផ្លាកហ្នឹង [...] យើងមិនមែនធ្វើខ្លួនឯងទេ គឺអង្គការអន្ដរជាតិទទួលស្គាល់ថា រថយន្ដនេះមានសិទ្ធិវាយផ្លាកមើលទៅដឹងថានៅកម្ពុជា»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, អតីតកាលកម្ពុជានាំចូលសូម្បីតែទឹកក្រូចមួយកំប៉ុង ប៉ុន្ដែនៅពេលនេះមានសមត្ថភាព និងលទ្ធភាពដល់ផលិតរថយន្ដទំនើប ដំឡើងនៅក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ជាអន្ដរជាតិថែមទៀតផង។ រោងចក្រផលិត និងដំឡើងដោយស្នាដៃកូនខ្មែរ សម្ដេចបានអញ្ជើញទៅទស្សនាខ្សែចង្វាក់ផលិតកម្មដោយផ្ទាល់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា បន្ថែមពីសម្លៀកបំពាក់កូនខ្មែរក៏មានសមត្ថភាព ក្នុងការផលិតគ្រឿងបង្គុំអគ្គិសនី គ្រឿងអលង្ការកម្រិតខ្ពស់ គ្រឿងសង្ហារឹមទំនើបដែលដាក់តាំងលក់នៅទីផ្សារនៃប្រទេសអ៉ីតាលី ក្នុងតម្លៃរាប់ម៉ឺនដុល្លារ។ សម្ដេចបន្ដថា ការអាចដាក់តាំងលក់បានតម្លៃរាប់ម៉ឺនដុល្លារ ទាល់តែអ្នកផលិតមានទឹកដៃខ្ពស់ និងមានការទទួលស្គាល់ជាអន្ដរជាតិ។

ឆ្លើយតបចំពោះការរីកចម្រើននៃសមត្ថភាពរបស់កូនខ្មែរ ដែលកំពុងបម្រើការងារក្នុងរោងចក្រនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សហជីពដែលតំណាងឲ្យកម្មករ ត្រូវបំពេញការងារឲ្យបានសមស្របអនុលោមទៅតាមច្បាប់ និងវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាការងារជូនកម្មករនិយោជិត ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការដោះស្រាយវិវាទរបស់​កម្មករនិយោជិត ត្រូវឈរលើវិជ្ជាជីវៈ ហើយកុំយកបញ្ហាផ្សេងមកភ្ជាប់ គឺដោះស្រាយមិនចេញទេ។ សម្ដេចបានចាត់ទុកថា និយោជក និងនិយោជិត ប្រៀបដូចប្តីប្រពន្ធ រាជរដ្ឋាភិបាលប្រៀបដូចអាណាព្យាបាល ហើយសម្ដេចទទូចឲ្យរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីការចម្រើនលូតលាស់ក្នុងវិស័យការងារ និងការវិនិយោគ៕