(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅបន្តរបស់យុវជននៃគ្រឹះស្ថានឧត្តមសិក្សា ទាំង២៥ ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ដ្រៃយ៍ ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងមានអ្នកចូលរួមសរុប ៩៦នាក់ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោក ពិត ចំណាន បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិត ស្រលាញ់ ប្រកបដោយភាពកក់ក្ដៅ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ លោក ពិត ចំណាន បានលើកឡើងពីសមិទ្ធផលការងារកន្លងមក រួមទាំងពិភាក្សានូវបញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅបន្ដផងដែរ។ ជាងនេះទៅទៀត លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំ ទីប្រឹក្សាយុវជន នៃគ្រឹះស្ថានឧត្តមសិក្សា ដែលបានដឹកនាំយុវជន និងនិស្សិតធ្វើសកម្មភាពយ៉ាងផុសផុល។
បន្ថែមពីនេះលោក ពិត ចំណាន ក៏បានផ្ដល់អនុសាសន៍ និងសារគន្លឹះសំខាន់មួយចំនួនផងដែរដូចជា៖
១៖ សូមបន្ដដឹកនាំយុវជន និស្សិតធ្វើសកម្មភាពឱ្យកាន់តែសកម្ម និងផុសផុលនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ងាយរងគ្រោះនានា
២៖ ជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់ បន្ដសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត ក្នុងចំណោមបុគ្គលិក សាស្ដ្រាចារ្យ យុវជន និងនិស្សិតដែលមានជីវភាពខ្វះខាត ក្នុងការរស់នៅ និងការសិក្សានានា
៣៖សូមបន្ដលើកកម្ពស់ និងផ្សព្វផ្សាយបន្ដខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ឱ្យយល់ពីមូលបទនេះ និងកៀរគរមូលនិធិ បរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕