(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»ការប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងខួបលើកទី៧០ឆ្នាំ ដល់យុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ។

ពិធិផ្សព្វផ្សាយខាងលើនេះ​ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រងហមកម្ពុជា ធ្វើឡើងរយៈពេល ១ថ្ងៃពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គលេខាធិការរងទី១ អគ្គលេខាធិការរងទី២ ថ្នាក់ដឹកនាំ-មន្ត្រីនៃទីស្នាក់ការកណ្តាល ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុប៩៦ ស្រី៣០នាក់។

ឆ្លៀតក្នុងឱកាសពិធីបើកវគ្គផ្សព្វផ្សាយ លោកស្រីអគ្គលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ជូនចំពោះ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលអញ្ជើញចូលរួមវគ្គផ្សព្វផ្សាយ។

ជាមួយគ្នានេះលោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងតែខិតខំប្រឹងធ្វើសកម្មភាពអស់ពីចិត្តពីថ្លើម ហើយមានទាំងការបរិច្ចាគថែមទៀតជូនកាកបាទក្រហមកម្ពុជា រៀងរាល់ទិវា៨ឧសភា សុទ្ធតែមានចំណែករបស់សាកលវិទ្យាល័យទាំងអស់ក្នុងការចូលរួមវិភាគទាន ដើម្បីឱ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពធ្វើប្រតិបត្តិការមនុស្សធម៌បន្តទៅទៀត ហើយសាកលវិទ្យាល័យនីមួយៗ ខិតខំប្រឹងប្រែងធ្វើការកៀរគររកមូលនិធិ ដើម្បីធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត និងសកម្មភាពផ្សេងៗទៀតជាច្រើន ។

លោកស្រីបានគូសបញ្ជាក់ជូនថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ហើយសុំឱ្យសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្តនេះ សូមឱ្យបានផុលផុសឡើង មុនបង្អស់គឺនៅក្នុងសាកលវិទ្យាល័យនីមួយៗ បន្ទាប់មកដល់សហគមន៍ខាងក្រៅ។ ចំពោះថវិកាដែលសាកលវិទ្យាល័យរកបានផ្តើមមុនបង្អស់ គឺនិស្សិតនៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន ហើយបន្ទាប់មកទើបចេញទៅខាងក្រៅស្វែងរកការគាំទ្រ ដើម្បីសិក្សាដកពិសោធន៍អំពី សកម្មភាពសង្គមខាងក្រៅសាកលវិទ្យាល័យមានតម្រូវការអ្វីខ្លះ។

លោកស្រីបានបន្ថែមទៀតថា ឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយ ហើយនៅពេលដែលចុះទៅដល់ខ្នងផ្ទះរបស់ពួកគាត់ ទើបឃើញថាមានតម្រូវការអ្វីខ្លះឱ្យពិតប្រាកដ ជាក់ស្តែងពួកគាត់លែងខ្វះខាតស្បៀងអាហារទៀតហើយ ប៉ុន្តែគាត់នៅខ្វះការលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងបរិស្ថាន។ មូលហេតុនេះហើយ ចាប់តាំងពីឆ្នាំមុនរហូតដល់ឆ្នាំនេះ មូលបទនៃការប្រារព្ធទិវា៨ឧសភា របស់កាកបាទក្រហមកម្ពុជា គឺនៅតែដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ក៏ប៉ុន្តែឆ្នាំនេះមានលក្ខណៈជាពិសេស គឺត្រង់ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

លោកស្រីបានគូសរម្លឹកថា «ទន្ទឹមនឹងនេះយើងឃើញហើយថា បរិយាកាសធម្មជាតិ ការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ននេះ ដែលយើងមិនធ្លាប់ដែលឮ ឬជួបប្រទះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ កើតមានគ្រោះរញ្ជួយដី ហើយគ្រោះរញ្ជួយដីនេះគឺនៅក្នុងប្រទេសក្បែរយើងបំផុតទៅទៀត។ ដូចនេះហើយយើងត្រូវធ្វើការផ្សព្វផ្សាយ និងរកវិធីសាស្ត្រគ្រប់បែបយ៉ាងទាំងអស់ ដើម្បីត្រៀមបង្ការចំពោះគ្រោះមហន្តរាយនានាដែលអាចប្រែប្រួលនិងកើតមានឡើងពីនេះទៅ១០ឆ្នាំ ឬ២០ឆ្នាំខាងមុខទៀត»។ ដូចនេះនេះគឺជាវគ្គជនបង្គោល ឬក៏ជាការផ្សព្វផ្សាយពីសារសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងសូមអំពាវនាវឱ្យយុវជនជំនាន់ក្រោយ ត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់មិនថាឆ្នាំនេះ ៥ឆ្នាំបន្ទាប់ ១០ឆ្នាំក្រោយ ឬ២០ឆ្នាំទៅទៀតនោះទេ។

កាកបាទក្រហមកម្ពុជា បានជ្រើសរើសយកមុខសញ្ញាទី១ គឺសាកលវិទ្យាល័យ និងគ្រឹះសា្ថនសិក្សានានា ព្រោះដោយសារយល់ឃើញថា សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទាំងអស់ជាទីកន្លែងប្រមូលផ្តុំគ្នា រួមមានគ្រូ និស្សិត សិស្ស ហើយជួបនិយាយជាមួយគ្នារហូត អញ្ចឹងជាអំណោយផលក្នុងការផ្សព្វផ្សាយរបស់សាររបស់កាកបាទក្រហមកម្ពុជា ហើយទីប្រឹក្សាឬយុវជន អាចផ្សព្វផ្សាយនូវសារទាំងនេះ តាមរយៈការជ្រៀតចូលក្នុងកិច្ចប្រជុំមួយណាក៏បាន ឬ ជ្រៀតចូលក្នុងកម្មវិធីសិក្សារបស់សិស្សនិស្សិតជាដើម៕