(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មានសហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការ វាយតម្លៃនិងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥។

លោក ហេង សួរ បានប្រកាសបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។

សហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការវាយតម្លៃនិងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥នោះរួមមាន៖ សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន ១៥, ផ្នែកផលិតស្បែកជើង ចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែកអេឡិចត្រូនិកចំនួន ៤, សេវាកម្មហិរញ្ញវត្ថុចំនួន ៥, ឧស្សាហកម្មទេសចរណ៍ចំនួន ៣, ផ្នែកបង្គុំរថយន្តចំនួន ១ និងផ្នែកផ្សារទំនើបចំនួន១ ដែលបែងចែកជា ៣ពានរង្វាន់ ដូចតទៅ៖

* ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង

* ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង

* ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន ៩សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង

បើតាម លោក ហេង សួរ, ឆ្នាំ២០២៥នេះជាឆ្នាំដំបូងនៃការផ្តល់ពានរង្វាន់ «សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវលក្ខខណ្ឌវិនិច្ឆ័យដោយផ្អែកលើអនុលោមភាពទាំង៨ ហើយក្រសួងក៏បានរៀបចំគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលជាយន្តការត្រីភាគី និងមានការចូលរួមសង្កេតការណ៍ពីតំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជាផងដែរ។

ការវាយតម្លៃអនុលោមភាពទាំង៨ ត្រូវបានរៀបចំដោយផ្អែកលើ របាយការណ៍អធិការកិច្ចការងារ ដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមវិស័យការងារ និងប្រព័ន្ធស្វ័យប្រវត្តិកម្មអធិការកិច្ចការងារ ដោយបែងចែកជាពានមាស ពានប្រាក់ និងពានសំរឹទ្ធ ត្រូវបានគណៈកម្មការផ្តល់ជូនផ្អែកលើចំនួនកម្មករនិយោជិតសរុបនៅក្នុងសហគ្រាស តាមវិស័យ នីមួយៗ។

សហគ្រាសជ័យលាភីនៃពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវតែបំពេញឱ្យគ្រប់នូវលក្ខណៈវិនិច្ឆ័យនៃអនុលោមភាពទាំង៨ មានន័យថា សហគ្រាសជ័យលាភី ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងត្រូវទទួលបានពានរង្វាន់សរុបចំនួន ៩ (ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងពានរង្វាន់អនុលោមភាពទាំង៨ផ្នែក)៕