(កំពង់ធំ)៖ ដោយទទួលបានការស្នើសុំពីគណៈកម្មាធិការអាចារ្យវត្តគោកត្របែក ពាក់ព័ន្ធនឹងសំណើរក្នុងការជួយកសាងសមិទ្ធផលផ្សេងៗក្នុងវត្តដែលកំពុងមានការខ្វះខាត លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន ២០លានរៀល និងទេយ្យទានមួយចំនួនទៀតប្រគល់ជូនដល់ចៅអធិការ អាចារ្យ គណៈកម្មាធិការវត្ត ដើម្បីចាត់ចែងក្នុងការកសាងសមិទ្ធផលផ្សេងៗក្នុងវត្តតាមតម្រូវការជាក់ស្តែង។
ឆ្លៀតក្នុងឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏នាំយកអំណោយមួយចំនួនចុះជួបសំណេះសំណាល សាកសួរសុខទុកជាមួយប្រជាពលរដ្ឋប្រមាណជិត ៣០០គ្រួសារ ស្ថិតនៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមកាងារ ចុះមូលដ្ឋានស្រុកតាំងគោក គណបក្សស្រុកតាំងគោក គណបក្សឃុំស្រឡៅ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយក្តីនឹករលឹកផងដែរ។
នាឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏បានរំលឹកប្រាប់ប្រជាពលរដ្ឋដែរថា ក្នុងចំណោមភូមិដាច់ស្រយាល គឺមានតែភូមិគោកត្របែកនេះមួយទេ ដែលមានភព្វសំណាងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយផ្ទាល់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ និងបានកសាងសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនមានដូចជា៖ ព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្តូងទឹក ស្រះទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
លោកបណ្ឌិត ថោង ខុន បានបន្ថែមថា មានតែគណបក្សប្រជាជននោះទេ ដែលតែងតែបានគិតគួរពីសុខទុករបស់ប្រជាពលរដ្ឋ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងបន្តវេនដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ចផងដែរ មិនថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះឡើយ។
លោកបណ្ឌិត ថោង ខុន បានប្រាប់ប្រជាពលរដ្ឋដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទនិងតំបន់ព្រំដែន។ ជាក់ស្តែងតំបន់ដាច់ស្រយាលនៅភូមិគោកត្របែកនេះ សម្តេចបានចូលរួមជួយកសាងព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្តូងទឹក ស្រះទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រប្រជាពលរដ្ឋនៅភូមិគោកត្របែក ដើម្បីមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ លោកលោកបណ្ឌិត ថោង ខុន ក៏បានជួយស្ថាបនា និងជួសជុលផ្លូវភ្ជាប់ពីតំបន់ករះ ទៅភូមិគោកត្របែក មានប្រវែង ១៦គីឡូម៉ែត្រ ដោយប្រេីប្រាស់គ្រឿងចក្ររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលរៀបចំដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងមានការចូលរួមជួយឧបត្ថម្ភប្រេង ពីសប្បុរសជននានា។ ជាមួយនឹងសមិទ្ធផលទាំងនេះ លោកក៏បានអំពាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្សយូរអង្វែងផងដែរ។
សូមបញ្ជាក់ដែរថា នាឱកាសនោះក្រៅពីការប្រគល់ថវិកាចំនួន ២០លានរៀល ដល់ចៅអធិការ អាចារ្យ គណកម្មាធិការវត្តគោកត្របែកហើយនោះ ប្រជាពលរដ្ឋ ប្រជាការពារ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះក៏ទទួលបាន ក្នុងម្នាក់ សារ៉ុងចំនួន១ និងថ្នាំពេទ្យ TIFFY ៣បន្ទៈផងដែរ៕