(រតនគិរី)៖ លោកកែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនកងកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ១១៣ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា,វៀតណាមនិងឡាវ។
លោក កែវ ផុង បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន , សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាន និងពលទាហានដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈដើម្បីការពារទឹកដីឲ្យបានគង់វង្ស។
បន្ថែមពីនេះ លោក កែវ ផុង បានថ្លែងការកោតសរសើរចំពោះនាយទាហាន និងពលទាហាន នៃកងវរសេនាតូចការពារព្រំដែនលេខ១១៣ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចមិនថាថ្ងៃឫយប់ទេដើម្បីបំរើប្រទេសជាតិ។
ទន្ទឹមនោះដែរ លោក សូមជូនពរសុំឲ្យកងកម្លាំងយើងទាំងអស់សូមឲ្យមានសុខភាពល្អ,កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចទាំងទ្វេផ្តល់ជូននាពេលនេះរួមមាន៖ ទឹកសុទ្ធ២៥០កេស, មី៣៥០កេស, អង្ករ៥តោន, ទឹកត្រី ទឹកស៊ីអ៊ីវ ៥០០យួរ និងថវិកាមួយចំនួនផងដែរ៕