(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលដើម្បីរកបញ្ហាប្រឈមពីសមាជិក សមាជិកា នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណជិត ១០០នាក់។
ក្រោយពីបានស្ដាប់ការលើកឡើងរបស់សមាជិក ពីបញ្ហាប្រឈមក៏ដូចជាតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋាន, លោកស្រី ឃួន ឃុនឌី បានណែនាំមន្ត្រីគ្រប់រូបត្រូវចុះមូលដ្ឋានផ្ទាល់ ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា និងតម្រូវការពួកគាត់បានទាន់ពេលវេលា និងចំគោលដៅ។
លោកស្រី បានបន្តថា ប្រសិនបើបញ្ហាប្រឈមឬសំណូមពរនោះដោះស្រាយមិនបានត្រូវធ្វើរបាយការណ៍មកក្រុមការងារចុះមូលដ្ឋានឃុំស្រុកបន្ត ដើម្បីជួយដោះស្រាយដោយមិនត្រូវទុកការងារទាំងអស់នោះចោលដោយថ្នាក់លើមិនដឹងនោះទេ។
ជាមួយគ្នានេះ លោកស្រី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យមើលបញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួច ឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ជាដើម ព្រោះបញ្ហានេះបានធ្វើឱ្យពលរដ្ឋនៅមានការបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត។
បន្ថែមពីនេះ លោកស្រី បានណែនាំដល់មន្ត្រីមូលដ្ឋានធ្វើអំពើល្អ ជាអ្នកធ្វើការបម្រើស្ថាប័នអង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋឲ្យបានពិតប្រាកដ និងជួយគាំពារជនងាយរងគ្រោះនិងត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង។
លើសពីនេះ លោកស្រី បានថ្លែងជំរុញឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាព ដោយទទួលខុសត្រូវ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ ឯកសារបោះឆ្នោត រួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលខាងដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួម ទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ជូនប្រជាពលរដ្ឋ។
លោកស្រី ឃួន ឃុនឌី បានលើកទឹកចិត្តឱ្យមានការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លា និងដោះស្រាយសំណូមពរ បញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំងនិងប្រៀបឈ្នះរបស់គណបក្សដើម្បីគណបក្សរក្សាបាននូវតួនាទី ក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជំនះឱ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត។
ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី បន្តដឹកនាំក្រុមការងារចុះពិនិត្យការការរៀបចំសាងសង់អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងឬស្សីផងដែរ៕