(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។
គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ និងម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក៖ ១) ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២ )ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣) ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ (ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។
ឪពុកម្ដាយកុមារី ស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោថា ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាបសម្ដេចតេជោ កុមារី តី បានជជែកលេងជាមួយសម្ដេចតេជោជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។
ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារកុមារី ស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១០ ០០០ដុល្លារ និងប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារឱ្យ។
សម្ដេចតេជោក៏នឹងផ្ដល់ ១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការ ដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយលោក សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕