(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអង្គដំណើរជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ស្រុកស្ទឹងត្រង់ ទទួលបានការអភិវឌ្ឍន៍និងរីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រជាចំណងដៃជូនប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ រួមមានស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ផ្លូវលេខ៧១ស រួមនឹងសមិទ្ធផលនានា និងការរីកចំរើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិតជាសរបញ្ជាក់យ៉ាងច្បាស់ថា សុខសន្តិភាព និងសុដុមនីយកម្មសាសនានៅកម្ពុជា ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍រីកចំរើន របស់សង្គមជាតិយើងទាំងមូល។

លោកអភិបាលខេត្ត បានបន្តថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសុខសន្តិភាព ចូលរួមការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ។

ទន្ទឹមនឹងនេះ លោកបានបន្តថា «និយាយជារួមខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ព្រមទាំង បានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសគ្រប់គ្រាន់ក្នុងការប្រតិបត្តិជំនឿសាសនានិងមានឱកាសចូលរួមជួបជុំក្រុមគ្រួសារ ចូលរួមកំសាន្ត និងប្រកបរបរចិញ្ចឹមជីវិតដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចខេត្តផងដែរ»។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ផងដែរថា ការរីកចម្រើនទៅលើវិស័យសាសនានេះ គឺប្រជាពលរដ្ឋយើងបានទទួលផលទាំងអស់គ្នា ជាពិសេសវត្តស្រែអំពៅនេះ ទើបតែបានក៏កើតឡើងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងមើលអំពីការរីកចម្រើន ឃើញថាមានច្រើន ។

លោក ហ៊ុន ម៉ានិត ក៏បានយកឱកាសនោះធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍ នៅក្នុងវត្តស្រែអំពៅនេះ ដែលសមិទ្ធផលទាំងអស់នេះមិនមែនប្រយោជន៍សម្រាប់តែព្រះសង្ឃនៅក្នុងវត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំទួលសំបួរនេះតែម្ដង ដែលជាទីតាំងមួយសម្រាប់ឲ្យប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ធ្វើបុណ្យដាក់ទានសន្សំកុសល និងទទួលបានសន្តិភាពផ្លូវចិត្តផងដែរ ៕