(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាក្នុងខែមេសា នៅមន្ទីរគណបក្សខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុប៤៥០នាក់។

ក្រោយបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ការចូលរួមជាមតិយោបល់របស់អង្គប្រជុំ និងអនុសាសន៍របស់លោកប្រធានកិត្តិយសរួចមក លោក ហ៊ុន ម៉ានី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំឲ្យសមាជិក សមាជិកាទាំងអស់បន្ត ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្ស និងបន្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។

សូមជម្រាបជូនថា បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោក ហ៊ុន ម៉ានី បានឆ្លៀតឱកាសប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ក្រុមការងារសិក្ខាសិលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានខិតខំបំពេញភារកិច្ចរៀបចំសិក្ខាសាលានេះ រយៈពេល១៣សប្តាហ៍កន្លងទៅ ប្រកបដោយភាពជោគជ័យ។

សិក្ខាសិលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺ គឺជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ៕