(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះចុះពិនិត្យ និងព្យាបាលជំងឺព្រះសង្ឃ និងយាយជី តាជី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត សហគមក្រីក្រនៅជិតវត្ត ព្រមទាំងសិស្ស និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សរុបចំនួន ២ ៥៦០ករណី ទៅនៅក្នុងបរិវេណ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ជំងឺដែលទទួលបានការព្យាបាលរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX, ពិនិត្យឈាម, ក្នុងនោះករណីឈឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៣១ករណី។
ការពិនិត្យ ព្យាបាលនេះមានការចូលរួមផង ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ក្រុមហ៊ុន GGEAR, ធនាគារ ACELEDA, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
ព្រះសង្ឃ និងយាយជីតាជី ព្រមទាំងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចង្អុលបង្ហាញដល់ក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យ និងព្យាបាលជំងឺ។
រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពមនុស្សធម៌នេះ គឺឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕