(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី បានផ្តួចផ្តើមរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីកៀរគរបច្ច័យកសាងសាលាពុទ្ធិកសិក្សា និងមហាកុដិសម្រាប់សមណសិស្សគង់សិក្សារៀនសូត្រ នៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីបុណ្យត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃកងទ័ពជើងអាកាស អាជ្ញាធរស្រុក ភូមិ ឃុំ និងសប្បុរសជន តាយាយ ជាពុទ្ធបរិស័ទ ចំណុះជើងវត្តយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង និងភរិយា រួមជាមួយនាយទាហានកងទ័ពជើងអាកាស តែងតែជួយឧបត្ថម្ភគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើននៅក្នុងវត្តវាលុកថុល្លារាម និងវត្តអារាមផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ស្របតាមការអំពាវនាវរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលប្រឈមការខ្វះខាតដូចជាអគារសិក្សាសម្រាប់សាមណសិស្ស និងសិស្សបានស្នាក់នៅ និងរៀនសូត្រ កុដិ សាលាឆាន់ជាដើម ទុកជាសម្បត្តិបិតិកភ័ណក្នុងវត្ត ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗបានសិក្សាស្វែងយល់ និងបានដឹងស្គាល់ពីវប្បធម៌ប្រពៃណីជាតិ៕