(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២៥​នេះ មានករណីអគ្គីភ័យឆេះរោងចក្រ​ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស​ (ប្រុស១នាក់​ និងស្រី៣នាក់) ក្នុងនោះ​២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ​ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល​(ឯកជន)។

ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី បញ្ជាការដ្ឋានទ័ពពិសេស​,​ អង្គភាព៧១១​ កងពលតូចលេខ៧០,​ ស្នងការនគរបាលរាជធានីភ្នំពេញ,​ សាលាខណ្ឌកំបូល និងបុរីសង្ឈឹមថ្មី​៕