(ភ្នំពេញ)៖ ជនសង្ស័យ៣២នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស១៣ករណី មានឆក់, លួច, ក្លែងបន្លំឯកសារ និងអំពើជួញដូរមនុស្ស យកមកបង្ហាញមុខឲ្យសាធារណៈជនបានឃើញមុខជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្ក្រាបរយៈពេល៣ថ្ងៃ គិតពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបសរុប១៣ករណី ឃាត់ខ្លួន៣២នាក់ (ស្រី៤នាក់) ជនជាតិបរទេសចំនួន ២នាក់។
ក្នុងនោះរួមមាន ឆក់៦ករណី, លួច៧ករណី, ហិង្សាមានស្ថានទម្ងន់ទោស២ករណី, ក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត១ករណី, គំរាមគំហែងសម្លាប់១ករណី, អំពើជួញដូរមនុស្ស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់១ករណី ដោយមានការចូលរួមពីការិយាល័យ ស្រាល, ខណ្ឌឬស្សីកែវ, ខណ្ឌទួលគោក, ខណ្ឌ៧មករា, ខណ្ឌពោធិសែនជ័យ, ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបន្តថា ក្រោយពីធ្វើការបង្ហាញមុខជាសាធារណៈរួចមក កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការបញ្ជូនជនសង្ស័យទាំងនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕