(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នារសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥ បានអញ្ជើញបិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកគណបក្សជាយុវជនចំនួន ១៩១នាក់ ស្រី ៨០នាក់ របស់យុវជនគណបក្សខេត្ត។
ពិធីនេះបានព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការចូលរួមពីអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារគ្រូឧទ្ទេស គ្រូជំនួយ និងសហការី ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន សមាជិកយុវជនគណបក្សស្រុក និងយុវជនប្រមាណ ៤៧០រូប។
ឆ្លៀតក្នុងឱកាសនោះ លោក សួន សុម៉ាលីន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់ក្រុមការងារយុវជនគណបក្សខេត្តនាពេលនេះ៕