(ព្រះសីហនុ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងបន្តការគោះទ្វារវិនិយោគិននៅក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. នៅខេត្តព្រះសីហនុ។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងខ្ញុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេស
ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ»។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្នុងគោលបំណងបង្កើតបរិយាកាសធុរកិច្ចដែលឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់វិនិយោគិន រាជរដ្ឋាភិបាលបានបង្កើតយន្តការនានាជាច្រើន តួយ៉ាងគឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានរៀបចំឡើងចំនួន ១៩លើក និងកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន រួមមាន៖ កិច្ចសន្ទនាកម្ពុជា-ជប៉ុន, កម្ពុជា-កូរ៉េ , កម្ពុជា-អាម៉េរិក និងកម្ពុជា-អឺរ៉ុប ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់ដែលធុរជន និងវិនិយោគិនជួបប្រទះក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។
ជាមួយគ្នានេះកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក.អ.ក. បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថលផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា ប្រព័ន្ធ cdcIPM នេះមានមុខងារពិសេសមួយដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យស្នើសុំ ក៏ដូចជាថ្នាក់ដឹកនាំ ក.អ.ក អាចធ្វើការពិនិត្យពីវឌ្ឍនភាពរបស់ពាក្យស្នើសុំបានគ្រប់ពេលវេលា ដើម្បីធានាបានថាគម្រោង វិនិយោគដែលបានស្នើសុំគឺត្រូវបានអនុម័តក្នុងរយៈពេល ២០ថ្ងៃ នៃថ្ងៃធ្វើការ ដោយស្របទៅតាមច្បាប់ស្ដីពីវិនិយោគ មានជាធរមាន។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តវិនិយោគិនទាំងអស់ដែលមានបំណងស្នើសុំដាក់ពាក្យ ចុះបញ្ជីគម្រោងវិនិយោគថ្មី ឬគម្រោងពង្រីកគម្រោងវិនិយោគរបស់ខ្លួនដែលបានចុះបញ្ជីស្រាប់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដើម្បីភាពងាយស្រួល និងចំណេញពេលវេលាផងដែរ៕