(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ព្រះតេជគុណ ឈួន បូរី គង់នៅវត្តកោះកែវ ស្តិតក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេល ៣៤ថ្ងៃបួសជាព្រះសង្ឃ សងគុណឪគុណដែលបានទទួលមរណភាព។
ការលាចាកសិក្ខាបទរបស់ព្រះតេជគុណ ឈួន បូរី ដ៏មានប្រជាប្រិយភាពអង្គនេះ ជាដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ក៏ដូចជាពុទ្ធបរិស័ទ ដែលតែងគោរពស្រឡាញ់ព្រះតេជគុណ។
នៅក្នុងពិធីលាចាកសិក្ខាបទនោះដែរ ក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត និងមានការអញ្ជើញចូលរួមពីលោកអធិការ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបុរី ដោយទទួលប្រគេនចង្ហាន់ព្រះសង្ឃចំនួន ១៣២អង្គ និងពុទ្ធបរិស័ទជាច្រើននាក់ ព្រមទាំងបានចែកសំលៀកបំពាក់ជូនដល់បងប្អូនដែលអញ្ជើញចូលរួមក្នុងកម្មវិធីនោះផងដែរ។
ក្នុងរយៈពេល ៣៤ថ្ងៃនៃការបួសមុខភ្លើងក្នុងការកាន់ទុក្ខលោកឪពុក ឈឺន ម៉ៅ ព្រះតេជគុណ ឈួន បូរី បានចូលរួមចំណែកកសាងហត្ថារចនាសម្ព័ន្ធនានានិងសាសនារួមមាន៖
*រៀបចំដឹកនាំបង្កើតរបាំត្រុដិ ២៥រូប
*រៀបចំដឹកនាំបង្កើតក្រុមភ្លេងពិណពាទ្យ ១២
*រៀបចំដឹកនាំបង្កើតក្រុមឆៃយ៉ាំ១២
*រៀបចំបង្កើតដឹកនាំក្រុមរបាំជូនពរ ១២
*ជួយចាក់ដីបំពេញវត្តកោះកែវរួមជាមួយគណ:កម្មការវត្តដើម្បីធ្វើកន្លែងដាក់ឡានដឹកសពខ្មោច ដី១៩ឡាន
*ឈូសឆាយផ្លូវប្រវែល១០០ម៉ែត និងឈូសឆាយបរិវេណវត្តឲ្យបានរាបស្មើស្អាត
*រៀបចំជួសជុលកសាងនិងលាងសម្អាតវិហារព្រមទាំងព្រះក្នុងវត្តនិងបរិវេណវត្ត
*តភ្លើងបំភ្លឺចំនួន ៤៩អំពូល ធំៗដើម្បីបំភ្លឺទីធ្លាវត្តអារាម
*បានចូលរួមរៀបចំគណៈកម្មការកម្មវិធីសប្បាយនិងរៀបល្បែងប្រជាប្រិយក្នុងរដូវចូលឆ្នាំជាច្រើន និងមានតន្ត្រីតារាចម្រៀងខ្នាតតូច ល្ខោនបាសាក់ ការរាំស្គរដៃ
*ដឹកនាំដំឡើងភ្លើងសូឡាពីរូបសំណាក់ជ័យវរ្ម័នទី ៧ ទៅដល់មន្ទីរពេទ្យនិងសាលាឃុំសរុប ៥៦ ដើមនិងអំពូលធំៗ
*ចូលរួមចំណែកដឹកនាំឡានទឹកចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ២ ឃុំ ឃុំឫស្សីក្រោក ឃុំបន្ទាយនាង ក្នុងនោះមានមន្ទីរពេទ្យកម្ពុជាជប៉ុនផងដែរ។
ក្រោយពីលាចាកសិក្ខាបទរួចមក លោកអន្ទិត ឈួន បូរី ក៏បានអញ្ជើញចូលរួមប្រជុំជាមួយព្រះតេជគុណព្រះចៅអធិការវត្តអញ្ជាញ ក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមរបាំត្រុដិ ក្រុមភ្លេងពិណពាទ្យ ក្រុមភ្លេងឆៃយ៉ាំ និងក្រុមភ្លេងរបាំជូនពរផងដែរ៕