(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញ​ចុះជួបសំណេះសំណាល ​សួរសុខទុក្ខ និងថ្លែងអំណរគុណ​កងកម្លាំង​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តកែប ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ដែលកងកម្លាំង បានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យចូលប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់។

លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈរបៀបរៀបរយ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់ សុខសុវត្ថិភាព មានសោភ័ណភាព និងសេចក្ដីថ្លៃថ្នូរ ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញទៅលេងនៅខេត្តកែប។

លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា សង្ក្រាន្តខេត្តកែប ពិតជាមានភាពអ៊ូអរ និងសប្បាយរីករាយណាស់ជាមួយនឹងការចូលរួមកម្សាន្ត យ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកពីគ្រប់ទិសទី ក្រោមម្លប់សន្តិភាពពេញលេញ នៅទូទាំងប្រទេស។

គួរឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកែប បានរៀបចំទីតាំងសង្រ្កាន្តរហូតដល់៣ទីតាំងដើម្បីបង្កលក្ខណសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្រាប់ពិធីបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងបរទេស បានអញ្ជើញមកសម្រាកលំហែកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន និងតំបន់ត្រជាក់របស់ខេត្តកែប ទាំង៣ទីតាំងប្រមាណ ១៦១,១៦៨ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៩,៧៨៨នាក់ កើនឡើង ១,៣៨០នាក់ ស្មើនឹង ០,៨៦% ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៦០,៤០៥នាក់ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៨,៨៩៦នាក់ កើនឡើង ១,៥០៩នាក់ ស្មើនឹង ០,៩៤%។ ភ្ញៀវបរទេស មានចំនួន ៧៦៣នាក់ បើធៀបនិងឆ្នាំ២០២៤ មានចំនួន ៨៩២នាក់ ថយចុះ ១២៩នាក់ ស្មើនឹង១៤,៤៦%។ ដោយឡែករថយន្តសរុប ១៨,៥៦៦គ្រឿង ក្នុងនោះរថយន្តតូច ១២,៨៣៦គ្រឿង រថយន្តមធ្យម ៥,៦៩៥គ្រឿង និងរថយន្តធំ ៣៥គ្រឿង៕