(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានការរួមដំណើរពីមន្ត្រីរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌដូនពេញ កាលពីរាត្រីថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព សណ្តាប់ធ្នាប់ ការដើរលេងកំសាន្តលើផ្លូវថ្មើរជើង (Walk Street) ខណៈផ្លូវនេះកំពុងពេញនិយម និងបានធ្វើឱ្យភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជា «ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី»។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ក៏រៀបចំឱ្យមានល្ខោនបាសាក់ សម្តែងឱ្យបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកំសាន្តផងដែរ។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា សំរាប់សប្តាហ៍មុន ក្រៅបណ្តាល័យចល័ត ដែលមានស្រាប់ហើយ ក្នុងសប្តាហ៍មុនមន្ទីរ អប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រោមការចាត់ចែងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានបណ្ណាល័យចល័តមួយកន្លែងដែរ នៅខាងជើងបរមរាជរាំង។ បើគិតមកដល់ពេលនេះ បណ្ណាល័យចល័តនៅលើផ្លូវថ្មើរជើង (Walk Street) មានចំនួន៣កន្លែងហើយ។
គួររំលឹកថា តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត ។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការសម្តែងរបាំប្រពៃណី ជាច្រើនផងដែរ។
ដោយសារតែផ្លូវថ្មើរជើង (Walk Street) នេះហើយ បានធ្វើឱ្យភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា «ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី»។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី និងទីក្រុង នៃបណ្ដាប្រទេសជុំវិញពិភពលោកចំនួន១៤។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕