(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានគាំទ្រ និងស្វាគមន៍ បេសកកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដែលបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឲ្យកាន់តែរីកចម្រើនបន្ថែមជាមួយ និងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឲ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ក្នុងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឲ្យកាន់តែរីកចម្រើនផងដែរ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ធុល ត្រៃសូរ៉ាត់ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកបានលើកឡើងពី ការតំាងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងវិស័យឯកជន។

លោកឯកអគ្គរាជទូត បានជម្រាបពីផែនការជាច្រើន ដែលលោកនឹងខិតខំបំពេញឲ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ លោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជា និងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេមកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន ២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្វាគមន៍ និងគំាទ្រពេញទំហឹងចំពោះបេសកកម្មការទូតរបស់ លោក ធុល ត្រៃសូរ៉ាត់ នៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណចំពោះលោក និងសហការី ដែលបានសហការជាមួយភាគីកម្ពុជាបានយ៉ាងល្អ ក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ នៅកម្ពុជាក្នុងពេលកន្លងមកនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រព្រឹត្តិទៅដោយរលូនទទួលបានផ្លែផ្កាជាទីមោទន នាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា ដែលបានជួបពិភាក្សាគ្នាជាប់ជាប្រចាំនៅគ្រប់កម្រិត បានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជននៃប្រទេសទំាងពីរក្នុងការប្រកបរបររកទទួលទាននិងការផ្លាស់ប្តូរទំនិញទៅមកជាប្រចាំថ្ងៃ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អដែលកើតចេញពីការគំាទ្រនិងចូលរួមរបស់ប្រជាជនប្រទេសទំាងពីរនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទដែលសកលលោកកំពុងមានការប្រឈម ដែលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មប្រកបដោយភាពស្មុគស្មាញនោះ។

ទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមតែធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទំាងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់និងសកលលោកផងដែរ។

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមស្មារតីនៃអនុស្សរណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាកាលពីពេលកន្លងទៅ។ នៅពេលខាងមុខនេះ ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ដើម្បីអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតប្រទេសទំាងពីរលោកប្រធានរដ្ឋសភាថៃ អាចនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គំាទ្រទំាងស្រុងពីផែនការបេសកកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ ថានឹងនាំមកនូវជោគជ័យបន្ថែមទៀតដល់ទំនាក់ទំនងប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ដូចជាវិស័យទេសចរណ៍ រដ្ឋសភាកម្ពុជាសូមគាំទ្រចំពោះគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលចំនួន៦ប្រទេស ដែលបានលើកឡើងអំពី “ប្រាំមួយប្រទេស ទិសដៅតែមួយ/ Six Countries, One Destination” សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ មិនមែនតែសម្រាប់ប្រទេសយើងពីរប៉ុណ្ណោះទេ តែសម្រាប់តំបន់ និងដើម្បីកំណើនរួម។

សម្តេចប្រធានរដ្ឋសភាបន្តថា ចំពោះវិស័យសន្តិសុខវិញ កិច្ចសហប្រតិបត្តិការរបស់កម្ពុជានិងថៃ ទទួលបានលទ្ធផលគួរគត់សម្គាល់ ដែលមិនត្រឹមតែធានាបាននូវសុខសុវត្ថិភាពដល់ប្រទេសនិងប្រជាជនទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យអាស៊ានទំាងមូលមានស្ថិរភាព មានសន្តិសុខ ចូលរួមចំណែកដល់កសាងសហគមន៍អាស៊ាន ប្រកបដោយវិបុលភាពនិងចីរភាពថែមទៀតផង៕