(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សាចារជ្រុំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

លោកបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចតែងតែចង់ឃើញប្រទេសកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាល បានខិតខំជំរុញ ធ្វើយ៉ាងណាឱ្យមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ពីទីក្រុងរហូតដល់ជនបទ ហើយជាពិសេសនោះ គឺការកសាងសាលារៀន ឱ្យបានដល់ទីជនបទ និងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្តថា «បើមានសាលារៀនហើយ សូមប្អូនៗខិតខំសិក្សារៀនសូត្រពីកម្រិតថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ និងបន្តឱ្យបានដល់ថ្នាក់បរិញ្ញាបត្រ ដើម្បីក្លាយខ្លួនទៅជាធនធានមនុស្សសម្រាប់ចូលរួម អភិវឌ្ឍប្រទេសកម្ពុជាយើង ឱ្យកាន់តែមានភាពរីកចម្រើនឆាប់រហ័ស។ យើងជាយុវជនជំនាន់ក្រោយ ត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមានការស្តាយក្រោយ ព្រោះយើងមានឱកាសដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ម្យ៉ាងទៀតដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូស ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ»

លោកបន្តទៀតថា ដោយសារតែសាលានេះមានការកសាងឡើងដោយមានការចូលរួមឧបត្ថម្ភពីសប្បជនក៏ដូចជា អង្គការដៃគូ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរនោះ ឮសូមប្អូនៗសិស្សានុសិស្ស ត្រូវតែចូលរួមថែរក្សា សមិទ្ធផលថ្មីនេះ ឱ្យបាននៅគង់វង្សយូរអង្វែង សម្រាប់បងប្អូនកូនចៅយើងជំនាន់ក្រោយៗទៀត។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បញ្ជាក់ថា សាលាបឋមសិក្សាចារជ្រុំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដោយសារតែទីតាំងចាស់ រងផលប៉ះពាល់ដោយបាក់ច្រាំងស្ទឹង និងទីតាំងតូចចង្អៀត ទើបត្រូវបង្ខំចិត្តផ្លាស់មកទីតាំងថ្មីដោយមានការចូលរួមឧបត្ថម្ភ ពីអាជ្ញាធរមូលដ្ឋាន អង្គការ អេដ អេ អាកស្យុង( AEA) ព្រមទាំងសប្បុរសជននានា បានកសាងអគារសិក្សាចំនួន២ខ្នង ស្មើនឹង៥បន្ទប់ ក្លោងងទ្វារ របងសាលា អណ្ដូងទឹក អាងទឹក និងបង្គន់អនាម័យ ប្រព័ន្ធចម្រោះទឹកសុវត្ថិភាព ដែលចំណាយទឹកប្រាក់សរុបអស់ចំនួន ២២.៤៩៧.២០០រៀល និង១៩.៧០០ដុល្លារ ដោយទទួលសិស្សសិក្សា ដែលមានសិស្សសរុបចំនួន ១៥៧នាក់ ស្រី៦៧នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មកពីភូមិ ចារជ្រុំ និងភូមិប្រឡាយ៕