(កំពង់ធំ)៖ ព្រះទេពសត្ថាបារមី សៀង សុខ ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ មានសង្ឃដីកាដូច្នេះក្នុងឱកាសដែលព្រះអង្គតំណាងដ៏ខ្ពង់ខ្ពស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន បាននិមន្តបិទកម្មវិធីវិបស្សនាធុរ: នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ព្រះទេពសត្ថាបារមី សៀង សុខ ព្រះអង្គមានសង្ឃដីកាសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាត្រូវតែ បដិបត្តិ វិបស្សនាធុរៈបានត្រឹមត្រូវគឺនាំឱ្យយើងមានសីល សមាធិ បញ្ញា ដែលមិនភ្ញាក់ផ្អើល ហើយញ៉ាំងឱ្យអ្នកធ្វើវិបស្សនាធុរៈ ទាំងអស់កាន់តែមានភាពជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងបដិបត្តិពុទ្ធសាសនាបានត្រឹមត្រូវហើយទ្រទ្រង់ពុទ្ធសាសនាបានគង់វង្សគ្រប់ ៥.០០០ព្រះវស្សា»

ទន្ទឹមនឹងនេះព្រះទេពសត្ថាបារមីប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ធំ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកព្រះអង្គគ្រូ និងលោកយាយគ្រូវិបស្សនាធុរៈគ្រប់អង្គគ្រប់រូប ដែលបានលះបង់ នូវកម្លាំងកាយចិត្តសព្វបែបយ៉ាង ក្នុងការជួយបង្ហាត់បង្រៀនដល់សីលវ័ន្ត សីលវតី ដែលបានចូលរួមនៅក្នុងវគ្គវិបស្សនាធុរៈអស់រយៈពេលមួយសប្តាហ៍ប្រកបដោយផ្លែផ្កា និងជាទីមោទកភាពក្រៃលែង។

លើសពីនេះព្រះអង្គ បាននិមន្ត និងអញ្ជើញព្រះអង្គគ្រូ  លោកយាយគ្រូវិបស្សនាធុរៈគ្រប់អង្គ គ្រប់រូបឱ្យនិមន្ត និងអញ្ជើញចូលរួម បង្ហាត់បង្រៀននៅក្នុងវគ្គវិបស្សនាធុរៈលើកក្រោយៗទៀត ហើយបាននិមន្តអញ្ជើញ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោងទាំងមូលសូមចូលរួមក្នុងវគ្គបង្រៀនវិបស្សនាធុរៈនៅវគ្គក្រោយៗទៀតឱ្យបានគ្រប់ៗគ្នាប្រកបដោយបុណ្យ និងសទ្ធាជ្រះថ្លា។

លើសពីនេះទៀតព្រះទេពសត្ថាបារមី សៀង សុខ ព្រះអង្គបានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង និងសាលាអនុគណស្រុក ជាពិសេសព្រះបរិត្តកោសល ណិប អ៊ាន ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជាប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈដែលបានបង្កលក្ខណៈនិង បង្ហាត់បង្រៀនដល់សីលវ័ន្ត សីលវត្តីនៅក្នុងវគ្គនេះ ដោយរលូនប្រកបដោយជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់។

សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គវនេះសរុបចំនួន១៤៥រូប គ្រូធម្មាចារ្យ២អង្គ គ្រូធម្មាចារ្យរិនី២រូប សីលវនសីលវត្តីដែលបានចូលរួមនៅក្នុងវគ្គនេះទទួលបានវិញ្ញាបនបត្រ ហើយចុងបញ្ចប់ នៃកម្មវិធីក៏មានការនិមន្តគោចរបិណ្ឌបាត្រព្រះសង្ឃនិងព្រះធម្មាចារ្យសីលវនសីលវត្តីជាង ៣០០អង្គនាក់ផងដែរ៕