(សៀមរាប)៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាប ដើម្បីឈានទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព ហើយត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ កុំឱ្យពលរដ្ឋចាញ់បោក និងរងគ្រោះដោយអំពើជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ។
ជាពិសេស ត្រូវបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ តាមរយៈការងារផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើ អាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ ទំនងរវាងទេសន្តរប្រវេសន៍ និងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធដដៃទៀត ឱ្យបានដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យក្នុងសាលារៀន និងក្រៅសាលារៀន និងជនដែលងាយរងគ្រោះផងដែរ។
ការណែនាំយ៉ងដូច្នេះរបស់លោកស្រី ម៉ននី រង្សី នៅក្នុងកិច្ចប្រជុំប្រចាំខែមេសារបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) ដើម្បីធ្វើការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ និងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងខេត្តជាច្រើនផងដែរ។
លោកស្រីបានបន្តថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដូច្នេះសូមសមាជិក សមាជិកាទាំងអស់ ត្រូវមានការសហការគ្នាបន្តទៀត ជាពិសេសត្រូវសហការ ជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋ និងងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ។
លោកស្រី ម៉ននី រង្សី បានបន្ថែមថា លេខាធិការដ្ឋាននៃគណ:កម្មាធិការ (គ.ខ.ប.ជ) គឺជាសេនាធិការ បានដើរតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង និងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាព អនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធ។
លោកស្រី ម៉ននី រង្សី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំនេះ ក៏បានលើកយកបញ្ហាជាច្រើន មកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ អំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដទៃទៀត ជាពិសេសស្រទាប់យុវវ័យក្នុងសាលារៀន និងក្រៅសាលារៀន ព្រមទាំងជន ដែលងាយរងគ្រោះផងដែរ៕