(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់​ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។​

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា សម្រាប់ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត។

សម្រាប់មនុស្សចំនួន៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ សម្រាប់ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា តាមពិតមានមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប ស្រាប់តែមានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនអស់។

តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេសតែម្តង ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ៕