(កំពត)៖ ក្មេងប្រុសម្នាក់ដែលកើតជំងឺទឹកនោមប្រៃ ដើរលែងរួចព្រោះតែលួចផឹកគ្រឿងកំប៉ុងពេលទៅរៀននោះ ត្រូវបានក្រុមគ្រូពេទ្យទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ក្មេងប្រុសកំសត់ម្នាក់នេះ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម ព្រោះតែអាយុទើប១១ឆ្នាំ តែបានកើតជំងឺទឹកនោមប្រៃដើរលែងរួច និងខានទៅរៀនសូត្រ។
ក្មេងប្រុស វី ឆៃយុត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានបងប្អូន៤នាក់ ដែល ឆៃយុត ជាបងគេ។
ស្រ្តីជាម្តាយ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កូនរបស់គាត់ ឆៃយុត បានលួចហូបភេសជ្ជៈគ្រឿងកំប៉ុងពេលទៅរៀនម្តងៗ រហូតហើមដៃហើមជើង។ កាលពីខែកុម្ភៈកន្លងទៅនេះ គាត់ជាម្តាយ បានយកកូនប្រុសម្នាក់នេះ មកដេកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រហែលកន្លះខែដែរ រហូតបានធូរស្បើយ រួចក៏បានបើកថ្នាំយកទៅលេបបន្តនៅផ្ទះ។
បើតាមស្រ្តីជាម្តាយ, ប៉ុន្តែពេលលេបថ្នាំព្យាបាលនៅផ្ទះ ស្ថានភាពជំងឺរបស់ ឆៃយុត ហាក់មិនថយសោះ ស្រាប់តែធ្វើទុក្ខ និងវិវត្តន៍ទៅជាដើរលែងរួចតែម្តង។ ស្រ្តីជាម្តាយដែលជាកម្មការិនីកាត់ដេរ ហើយប្តីជាជាងសំណង់ មិនមានលទ្ធភាពគ្រប់គ្រាន់ និងម្យ៉ាងពិបាកដឹកកូនតាមឡានទៀតនោះ ក៏មិនបានបញ្ជូនកូនមកមន្ទីរពេទ្យគន្ធបុប្ផាតាមការណាត់របស់គ្រូពេទ្យនៅថ្ងៃទី២៤ ខែមីនា នោះឡើយ។
ក្រោយមានព័ត៌មានត្រូវបានចែកចាយ, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមការណែនាំរបស់លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្តកំពត និងគ្រូពេទ្យ យកឡានសង្គ្រោះបន្ទាន់ទៅដឹកក្មួយប្រុស ឆៃយុត កាលពីព្រឹកថ្ងៃទី២៧ ខែមេសា មកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក្រោយមានការជួយអន្តរាគមន៍ភ្លាមៗនេះ ក្មេងប្រុស វី ឆៃយុត ត្រូវបានក្រុមគ្រូពេទ្យ ដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ពេលមកដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យមើលថែ និងបានបញ្ចូលឈាមភ្លាមៗព្រោះតែ ឆៃយុត ស្លេកស្លាំង ខ្វះឈាម និងខ្វះអាហារូបត្ថម្ភយ៉ាងខ្លាំង។
តាមទិដ្ឋភាពជាក់ស្តែងពេលគ្រូពេទ្យទៅដឹក ឆៃយុត ដល់ផ្ទះ យើងអាចមើលឃើញពីជីវភាពរបស់គាត់ក្រីក្រយ៉ាងខ្លាំង ដោយម្តាយដែលមានកូន៤នាក់ ជាកម្មការិនីកាត់ដេរ និងឪពុកជាជាងសំណង់។ ឃើញបែបនេះលោកស្រី យក់ សម្បត្តិ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជាបណ្តោះអាសន្ន ដើម្បីទុកចាយវាយ និងបន្តយកចិត្តទុកដាក់បន្តទៀត។ នៅពេលនេះ ឆៃយុត កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា។
សម្រាប់ស្ថានភាព ឆៃយុត បើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ អាចប្រឈមដល់អាយុជីវិត ព្រោះតែឪពុកម្តាយមិនមានលទ្ធភាពមើលថែ និងព្យាបាលកូន៕