(ភ្នំពេញ)៖ តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញពីសកម្មភាពប្រកួតវាយសី ក្នុងកម្មវិធី ការប្រកួតកីឡាវាយសីមិត្តភាព រវាង ក្រុមកីឡាវាយសី OJI (ម៉ាឡេស៊ី) និងក្រុមកីឡាវាយសី ខ្លាឃ្មុំទឹកកក (កម្ពុជា) ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៧ ខែមេសា នៅទីតាំងក្លឹប វាយសីរក្សា ក្នុងខណ្ឌសែនសុខ មានកីឡាករចូលរួមទាំងអស់ចំនួន ៤០នាក់ ចែកជា ២០ក្រុម (កម្ពុជា ១០ក្រុម និង ម៉ាឡេស៊ី ១០ក្រុម) វាយជាគូ ចំនួន១០គូ ដោយដៃគូនីមួយៗត្រូវមានអាយុបូកបញ្ចូលគ្នាលើសពី១០០ឆ្នាំ ជាលទ្ធផលភាគីកម្ពុជា ឈ្នះគ្រប់គូ។
ក្នុងការប្រកួតទាំង ១០គូនេះផងដែរ គេបានឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចូលរួមប្រកួតក្នុងគូ VIP ដោយចាប់ដៃគូជាមួយលោក ព្រំ សារ៉ាវុធ ប្រកួតជាមួយគូភាគីម៉ាឡេស៊ី Lim Terrence and Siva Kumar ជាលទ្ធផលខាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានយកឈ្នះ ភាគីម៉ាឡេស៊ី ២សិចជាប់គ្នា ក្នុងលទ្ធផល 1st set 21-11 និង 2nd set 21-15។
តាមការបញ្ជាក់របស់គណៈកម្មការ នៃការប្រកួត កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណងបង្កើនចំណងមិត្តភាពរវាងក្រុម វិនិយោគិនម៉ាឡេស៊ី ដែលមកវិនិយោគនៅកម្ពុជា និង ក្រុមអ្នកវាយសី របស់កម្ពុជា ព្រមទាំងចូលរួមចែក រំលែកបទពិសោធន៍ ក្នុងការពង្រឹង និងថែរក្សាសុខភាព តាមរយៈការលេងកីឡា ពិសេសកីឡាវាយសី ដែលជាកីឡាកំពុងទទួលបានការពេញនិយម របស់កីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាចូលរួមចំណែក លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាវាយសីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ត្រូវបន្ដលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឲ្យមានសុខភាព និងមានជីវភាពស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»៕